នយោបាយ

ជំហានដំបូង! គម្រោងសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅព្រះសីហនុ នឹងចំណាយ ១៧០លានដុល្លារ

ភ្នំពេញ ៖ ដោយមានការរីកចម្រើន យ៉ាងឆាប់រហ័ស នូវផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមានគម្រោង ចំណាយថវិកា ជាង១៧០លានដុល្លារ ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ខណៈប្រព័ន្ធចម្រោះទឹកកខ្វក់សព្វថ្ងៃមិនអាចប្រើប្រាស់ គ្រប់គ្រាន់ឡើយ ។

ក្រោយបញ្ចប់សិក្ខា សាលាស្តីពីការសិក្សាផែនការមេ និងសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងចម្រោះទឹកកខ្វក់នៅព្រះសីហនុជំហានដំបូង ត្រូវទុកទឹក៤ម៉ឺនម៉ែគូបក្នុង១ថ្ងៃ ត្រូវចំណាយថវិកា៥០លានដុល្លារ ដូច្នេះខេត្តព្រះសីហនុ ត្រូវសាងសង់ប្រព័ន្ធលូមេ៤០គីឡូម៉ែត្របន្ថែមទៀត ត្រូវចំណាយថវិកា៤០លានដុល្លារ និងសាងសង់លូតូចៗ៤៧គីឡូម៉ែត្រ ចំណាយថវិកា៨លានដុល្លារ ជាពិសេសសាងសង់កន្លែងបូមទឹកកខ្វក់ ត្រូវចំណាយថវិការ១៥លានដុល្លារ។

លោកមានប្រសាសន៍ថា “ចឹងបូកសរុបមកប្រហែលជា១៤០លានដុល្លារជាងហ្នឹង ចម្រោះទឹកកខ្វក់។ ប្រព័ន្ធលូទឹកភ្លៀង យើងត្រូវសាងសង់លូ២០គីឡូម៉ែត្រ ចឹងត្រូវប្រើថវិកា២៥លានដុល្លារបន្ថែមទៀត។ចឹងបូកសរុបទាំងអស់ប្រហែលជា១៧០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយប្រព័ន្ធទឹកស្អុយ ដំណាក់កាលទី១ និងប្រព័ន្ធរំដោះទឹកភ្លៀងដំណាក់កាលទី១” ។

លោកបន្ដថា នាពេលអនាគតខេត្តព្រះសីហនុមានពលរដ្ឋ និងសណ្ឋាគារច្រើនបន្ថែមទៀត ដូច្នេះនឹងពង្រីកអាងទឹកកខ្វក់បន្ថែមទៀតឲ្យបាន១៦ម៉ឺនម៉ែតគូបក្នុង១ថ្ងៃ។ លោកថា ថវិកា១៧០លានដុល្លារ ដើម្បីយកមកសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ អាចជាប្រាក់កម្ចី ឬជំនួយឥតសំណាង។

លោកបន្ថែមថា ចំពោះការសាងសង់ប្រព័ន្ធចម្រោះទឹកនេះ ក្រសួងនៅរង់ចាំធាតុមួយចំនួន និងពិនិត្យប្លងមេ ដើម្បីរាយការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍន៍ឆ្នេរ រួចរាយការណ៍ជូនគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចប់សព្វគ្រប់ ទើបសម្រេចសាងសង់។ យ៉ាងណាក៏ដោយក្រសួងនឹងជំរុញការងារនេះ ឲ្យបានឆាប់បំផុត។

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា អ្នកសាងសង់អាគារពាណិជ្ជកម្មចាំបាច់ត្រូវសាងសង់អាងចម្រោះទឹកកខ្វក់មួយ ដើម្បីសំអាតទឹកកខ្វក់ដោយខ្លួនឯង។

ពាក់ព័ន្ធការលុបបឹងវិញលោកថា “ការលុបបឹងនៅកន្លែងខ្លះ គឺជាដីកម្មសិទ្ធិ ប៉ុន្ដែកន្លែងខ្លះ វាជាការរំលោភ។ ជួញកាលលុបមាន២ផ្នែកដោយឡែកពីគ្នា អ្នកកាន់កាប់នៅទីនោះ គេបានកាន់កាប់ដោយស្របច្បាប់ដីធ្លីរបស់ពួកគេ នៅពេលការអភិវឌ្ឍគេចាំបាច់ត្រូវការអភិវឌ្ឍ។ ប៉ុន្ដែកាន់កាប់ខ្លះ ដែលរំលោភទៅលើផ្ទៃអូ ឬប្រឡាយ ដែលយើងបានកាត់ទុកសម្រាប់ធ្វើការរំដោះទឹក អានោះគឺជាការរំលោភ”។

អភិបាលខេត្តបញ្ជាក់ថា គណៈកម្មាធិការឆ្នេរ ក្រសួងសាធារណការ និងមន្ដ្រីជំនាញ បានធ្វើការចុះពិនិត្យនៅស្ថានភាពជាក់ស្ដែងបានរកឃើញកន្លែងមួយចំនួនបានរំលោភផ្ទៃអូ ឬប្រឡាយ ដែលបានកាត់ទុកសម្រាប់រំដោះទឹក ដូច្នេះក្រុមការងារខេត្តកំពុងដំណើរការស្ដារឡើយវិញ កន្លែងចាក់ដីលុបប្រឡាយទាំងនេះ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top