ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ដាក់ចេញច្បាប់៣ ទប់ស្កាត់ការក្លែងបន្លំ សំដៅការពារ សុខុមាលភាពប្រជាជន

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការក្លែងបន្លំ សំដៅការពារសុខមាលភាព ប្រជាជនទាំងមូល លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់ចេញច្បាប់ចំនួន៣ ដែលនឹងត្រូវដឹកនាំអនុវត្ត ដោយអគ្គនាយកដ្ឋានកាំកុងត្រូលថ្មី នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសចុះសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្រសួងបានពង្រឹង ការការពារកម្មសិទ្ធិបញ្ញា និងយន្តការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការក្លែងបន្លំ សំដៅការពារសុខមាលភាព ប្រជាជនទាំងមូល តាមរយៈច្បាប់ចំនួនបី ដែលនឹងត្រូវដឹកនាំ អនុវត្តដោយ អគ្គនាយកដ្ឋាន កាំកុងត្រូលថ្មីគឺ ៖ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ , ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ ដែលច្បាប់ទាំងអស់នេះ បានអនុម័តរួចហើយ ដោយគណៈរដ្ឋមន្ត្រី ហើយបានបញ្ជូនទៅដល់រដ្ឋសភា ដើម្បីធ្វើការអនុម័ត នៅពេលរដ្ឋសភា បើកបវេសនកាលឡើងវិញ” ។

ជាមួយគ្នានោះផងដែរ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើមន្ត្រីធ្វើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាព ការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដូចជា៖ ខិតខំពង្រីកចំណេះដឹងទាំងកម្រិតជំនាញ និងភាសាបរទេស , សហការជិតស្និទ្ធជាមួយ អាជ្ញាធរមូលដ្ឋាន , បញ្ចៀសដាច់ខាត ការយកកម្រៃសេវាក្រៅផ្លូវការ ពីវិស័យឯកជន និងសហការជាមួយក្រុមការងារ ចុះពង្រឹងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម នៅតាមស្ថាប័នរបស់ខ្លួន៕

Facebook Comments

To Top