អន្តរជាតិ

អ៊ីរ៉ង់បង្ហាញ ប្រព័ន្ធការពារមីស៊ីលចល័ត ផលិតក្នុងស្រុក

បរទេស៖ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបង្ហាញ នូវប្រព័ន្ធការពារដែនអាកាស និងមីស៊ីលវាយប្រហារ រយៈចម្ងាយវងពីដីទៅក្នុងអាកាស ដែលផលិតនៅក្នុងស្រុកផ្ទាល់ ស្របពេលកំពុង មានភាពតានតឹងកើនឡើងខ្លាំង ជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអ៊ីរ៉ង់ លោក Amir Hatami បាននិយាយប្រាប់ទូរទស្សន៍ជាតិថា “ជាមួយនឹងប្រព័ន្ធ ការពារដែនអាកាស វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយនេះ យើងអាចចាប់គោលដៅ ឬក៏យន្តហោះ នៅចម្ងាយជាង៣០០គីឡូម៉ែត្រ រារាំងវា នៅចម្ងាយប្រហារ២៥០គីឡូម៉ែត្រ និងបាញ់កម្ទេច នៅចម្ងាយ២០០គីឡូម៉ែត្រ”។

គួរបញ្ជាក់ថា កាលពីក្នុងខែមិថុនា ប្រទេសអ៊ីរ៉ង់បានប្រើមីស៊ីល វាយប្រហារពីដីទៅអាកាស បាញ់ទម្លាក់កូនដ្រូន ស៊ើបការណ៍យោធា សហរដ្ឋអាមេរិកមួយគ្រឿង នៅតំបន់ឈូងសមុទ្រ ដោយនិយាយថា កូនដ្រូននោះបានបំពាន ចូលដែលអាកាសរបស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននិយាយថា កូនដ្រូនរបស់ខ្លួននោះ គឺកំពុងតែស្ថិត នៅក្នុងដែនអាកាសអន្តរជាតិទេ៕ ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top