នយោបាយ

លោក សម រង្ស៊ី ត្រៀមភស្តុតាងមួយចំនួន ដើម្បីតតាំងជាមួយ សម្តេចតេជោ

ភ្នំពេញ ៖ តាមរយៈមេធាវីការពារក្តី ដែលជាជនជាតិបារាំង លោក សម រង្ស៊ី បានត្រៀមភស្តុតាងមួយចំនួន ដើម្បីតតាំងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ឌី វិជ្ជា ក្រោយពីដាក់ពាក្យបណ្តឹង ប្តឹងលោកទៅតុលាការបារាំង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ការត្រៀមបង្ហាញភស្តុតាងនេះ បន្ទាប់ពីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លោកចង់ឃើញ ទណ្ឌិត សម រង្ស៊ី បង្ហាញឯកសារភស្តុងតាងអ្វីខ្លះ នៅចំពោះមុខតុលាការបារាំង ក្នុងករណីបណ្តឹង របស់សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលត្រូវកូនប្រសារ។

លោក សុខ ឥសាន បានហៅ សម រង្ស៊ីថា ជាមេភេរវករ លោកថា “ចាំមើលមើ តើមេភេរវករ មានភស្តុតាង និងឯកសារអីខ្លះ បង្ហាញតុលាការបារាំង” ។

យោងតាម សេចក្តីថ្លែងការណ៍មេធាវី លោក សម រង្ស៊ី ធ្វើនៅប្រទេសបារាំង ជាភាសាអង់គ្លេស មានកម្រាស់ជាង១ទំព័រ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានលើកឡើងថា លោក សម រង្ស៊ី ទន្ទឹងរងចាំអង្គហេតុពាក់ព័ន្ធ ដែលត្រូវបានពិនិត្យ ដោយតុលាការបារាំងឯករាជ្យ ដែលសម្តេច ហ៊ុន សែន បានចោទប្រកាន់ថា លោកធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់សម្តេច ដោយចោទប្រកាន់ ជាសាធារណៈថា បានរៀបចំការធ្វើឃាតលោក ហុក ឡងឌី អគ្គស្នងការ នគរបាលជាតិកម្ពុជាឆ្នាំ២០០៨ និងលោក ជា វិជ្ជា មេដឹកនាំ សហជីពសេរីកម្មករនៃកម្ពុជា ឆ្នាំ២០០៤ ។

ថ្លែងការណ៍បន្តថា តាមច្បាប់បារាំង សេចក្តីពិត គឺជាការការពារ ការបរិហារកេរ្តិ៍ ហើយលោក សម រង្ស៊ី មានបំណងបង្ហាញការពិត នៃសេចក្តីថ្លែងការណ៍ ជាសាធារណៈរបស់គាត់។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា “លោក សម រង្ស៊ី នឹងនាំភស្តុតាង បង្ហាញកំណត់ត្រាសិទ្ធិមនុស្ស ដែលមានលក្ខណៈ មិនប្រក្រតីរបស់លោក ហ៊ុន សែនដែលត្រូវបានសង្ខេប ដោយអង្គការឃ្លាំមើលសិទិ្ធមនុស្ស នៅក្នុងរបាយការណ៍ឆ្នាំ២០១៨ របស់ប្រទេសកម្ពុជា ដែលមានអំពើកខ្វក់ នៅក្នុងពេលវេលារបស់ហ៊ុន សែន មានអ្នកប្រឆាំងរាប់រយនាក់ ។ ក្នុងនោះ មានអ្នកសារព័ត៌មាន មេដឹកនាំសហជីព និងអ្នកផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយហេតុផលនយោបាយ” ។

ប្រភពបន្តថា ភស្តុតាងទាំងនេះ ទទួលបានពីអ្នកជំនាញ និងអង្គការគួរឲ្យទុកចិត្ត នឹងត្រូវបានគេយកមកប្រើ ដើម្បីបញ្ជាក់ពីបរិបទនេះ និងបង្ហាញពីសេចក្តីពិត នៃសេចក្តីថ្លែងការណ៍ជាក់លាក់ របស់លោក សម រង្ស៊ី អំពីការទទួលខុសត្រូវ របស់សម្តេច ហ៊ុន សែន បន្ថែម ពីលើនេះ ៕

Facebook Comments

To Top