អន្តរជាតិ

កូរ៉េខាងជើង និយាយថា ការតេស្តមីស៊ីល និងសកម្មភាពយោធា អាមេរិកគឺ ជារឿងគ្រោះថ្នាក់

បរទេស ៖ មន្ត្រីនាំពាក្យកូរ៉េខាងជើងមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការតេស្តសាកល្បងមីស៊ីល វាយប្រហារចម្ងាយមធ្យមថ្មីៗនេះ របស់សហរដ្ឋអាមេរិក និងផែនការដាក់ ពង្រាយយន្តហោះចម្បាំង F-35 និងសម្ភារៈយោធា សម្រាប់វាយលុក នៅជុំវិញឧបទ្វីបកូរ៉េ គឺជាទង្វើដ៏គ្រោះថ្នាក់ ដែលនឹងបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីមួយ នៅក្នុងតំបន់។

ចំណែកមន្ត្រីនាំពាក្យក្រសួង ការបរទេសកូរ៉េខាងជើង បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាង នឹងនៅតែមិនផ្លាស់ប្តូរក្នុងគោលជំហររបស់ខ្លួន ដោះស្រាយគ្រប់បញ្ហាទាំងអស់ តាមរយៈកិច្ចចរចាពិភាក្សាគ្នា ប៉ុន្តែកិច្ចពិភាក្សាគ្នាអមដោយការគម្រាម កំហែងយោធា គឺគ្មានផលប្រយោជន៍នោះទេ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាលំដាប់ការងារ រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង នៅមិនទាន់ចាប់ផ្តើមជាថ្មីនៅឡើយ ចាប់តាំងពីជាប់គាំងដោយសារតែជំនួបកំពូលទីពីរបរាជ័យ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ កាលពីខែកុម្ភៈ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top