អន្តរជាតិ

រដ្ឋមន្រ្តីការបរទេស អាមេរិក រំពឹងថា សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក-ចិន នឹងបញ្ចប់ នៅត្រឹមការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០២០

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកលោក Mike Pompeo បានប្រាប់ក្រុមប្រតិបត្តិអាជីវកម្ម និងសេដ្ឋវិទូពាណិជ្ជកម្មសេរី ដោយបង្ហាញការជឿជាក់ថា សង្គ្រាមពាណិជ្ជកម្ម ជាមួយចិន អាចនឹងបញ្ចប់នៅត្រឹម ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Pompeo បាននិយាយនៅ ចំពោះមុខមនុស្សប្រហែល ៤០ នាក់ដែលរួមមានអ្នកនិពន្ធសេដ្ឋកិច្ច Stephen Moore នាយកប្រតិបត្តិក្រុមហ៊ុន Blackstone លោក Steve Schwarzman ស្ថាបនិកផ្សារទំនើប Gristedes លោក John Catsimatidis និងជាអតីតប្រធាន New York GOP លោក Ed Cox នៅឯអាហារថ្ងៃត្រង់ឯកជនមួយ នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ។ នេះបើយោងតាមអ្វី ដែលអ្នកបានចូលរួមការជួបជុំនោះ បាននិយាយ ។

ជំនួបនេះត្រូវបានរៀបចំឡើងដោយ “ គណៈកម្មាធិការដើម្បីអភិវឌ្ឍន៍ភាពរុងរឿង” ដែលស្ថាបនិករួមមានលោក Moore អតីតសេដ្ឋវិទូរដ្ឋបាល Reagan គឺលោក Art Laffer និងអតីតបេក្ខជនប្រធានាធិបតីលោក Steve Forbes ។ Catsimatidis គឺជាសមាជិកនៃក្រុមនេះ។

លោក Moore បាននិយាយថា លោក Pompeo ដែលកំពុងនិយាយនៅឯអាហារថ្ងៃត្រង់នេះហាក់ដូចជាមានសុទិដ្ឋិនិយមចំពោះការរំពឹងទុករបស់លោក ត្រាំ ឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចិន។

លោក Moore បានប្រាប់សារព័ត៌មាន CNBC នៅក្នុងកិច្ចសម្ភាសន៍ថា « គាត់នៅតែគិតថា យើងអាចទទួលបានកិច្ចព្រមព្រៀងមួយមុនការបោះឆ្នោត។ ខ្ញុំគិតថា យើងទាំងអស់គ្នានឹងយល់ស្របថា វានឹងប្រសើរសម្រាប់ប្រទេសនេះ»៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top