ព័ត៌មានជាតិ

តុលាការពន្យារពេល ប្រកាសសាលក្រម រឿងក្តីអតីតអភិបាលខេត្តតាកែវ សម្លាប់ស្រីស្នេហ៍

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ប្រកាសក្នុងសវនាការថា សាលក្រមសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ ករណីសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ត្រូវពន្យាពេលទៅថ្ងៃក្រោយវិញ ដោយមិនកំណត់ពេលវេលាច្បាស់លាស់ ។

លោក ហម ម៉េងសែ អះអាងថា ការសម្រេចពន្យាពេលប្រកាសសាលក្រមនេះ ដោយសារសំណុំរឿងមានភាពស្មុគស្មាញ ពាក់ព័ន្ធនឹងឯកសារ ដោយមុនសម្រេចត្រូវពិនិត្យបានច្បាស់លាស់ ។

ក្រោយបានបញ្ចប់សវនាការ កាលពីថ្ងៃទី២២ កក្កដា កន្លងទៅ តុលាការបានកំណត់យកទី២២ ខែសីហា ពោលគឺមានរយៈពេល១ខែ ដើម្បីប្រកាសសាលក្រម ប៉ុន្តែដល់ថ្ងៃកំណត់ តុលាការបានសម្រេចពន្យាពេលតទៅទៀត ។

ក្នុងពេលសវនាការ កន្លងទៅ ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថាពុំបានសម្លាប់ស្រីកំណាន់នាង ចេវ សុវឌ្ឍនាទេ ដោយសុំឲ្យតុលាការរកយុត្តិធម៌ ។ ជាការកត់សម្គាល់ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា ”បើខ្ញុំបានសម្លាប់សង្សារមែនសូមឲ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់អត់ចាប់ជាតិទៅចុះ”។

ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតកយកសពទៅព្យួរកជាប់បង្អួច ។

ករណីឃាតកម្មនេះ ដំបូងឡើយត្រូវបានសមត្ថកិច្ច ខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញករណីនេះ មិនមែនជារឿងអត្តឃាតឡើយ គឺជារឿងឃាតកម្មដោយមាន អ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។

លោក ឡាយ វណ្ណៈ និង លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើត ត្រូវបានតុលាការចោទប្រកាន់ពី បទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ៕

ដោយ៖ គិរី

Facebook Comments

To Top