នយោបាយ

ឪពុកក្មេក និងកូនប្រសារ ដាក់ពាក្យប្តឹងលោក សម រង្ស៊ីជាផ្លូវការ ទៅតុលាការបារាំងពីបទចោទថា សម្លាប់ដន្លង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលត្រូវជាកូនប្រុសសព លោក ហុក ឡងឌី និងកូនប្រសារ របស់សម្តេចតេជោ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់តុលាការទីក្រុង បារីស ប្រទេសបារាំង ប្រឆាំងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល តាមរយៈក្រុមមេធាវីជនជាតិបារាំង។

ការប្តឹងនេះ ក្រោយលោក សម រង្ស៊ី ចោទប្រកាន់ថា សម្តេចតេជោ បានសម្លាប់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិកាលពីអំឡុងឆ្នាំ២០០៨។ ជាមួយគ្នាលោក សម រង្ស៊ីបានចោទសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបំណងគាំទ្រលោក ឌី វិជ្ជា កូនប្រសារសម្តេចតេជោ ដើម្បីសងសឹកសម្តេចតេជោ ពាក់ព័ន្ធការស្លាប់របស់លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិដែលត្រូវជាឪពុកបង្កើត ។

ការប្តឹងរបស់សម្តេច ស ខេង ក៏ត្រូវបានលោក សេង គឹមឡាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក សម រង្ស៊ីជាលើកទី២ កាលពីព្រឹកថ្ងៃទី១២ សីហា ដើម្បីសាកសួរតាមបណ្តឹងក្រុមមេធាវីសម្តេចស ខេង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ខាងមុខ ។

សេចក្តីប្រកាសព័ត៌មានរបស់សម្តេចតេជោ អំពីការដាក់ពាក្យប្តឹងលោក សម រង្ស៊ីនៅថ្ងៃទី២០ សីហានេះ បានឲ្យដឹងថា ការដាក់ពាក្យបណ្តឹងដោយមានការតតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។សម្តេចតេជោដាក់ពាក្យបណ្តឹងនេះ ដោយសារបុគ្គលសម រង្ស៊ី បានផ្សាយក្នុងទំព័រហ្វេសប៊ុកខ្លួន និងសំដីបាននិយាយក្នុងកិច្ចសំភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកភាសាខ្មែរ(VOA) ។

ក្នុងនោះលោក សម រង្ស៊ី បានចោទប្រកាន់យ៉ាងឆ្កួតលីលានិងធ្ងន់ធ្ងរចំពោះសម្តេចតេជោ។ បុគ្គលសម រង្ស៊ី បានអះអាងដោយមួលបង្កាច់ថា សម្តេចបានសម្លាប់ ឬជាមេខ្លោងឲ្យគេសម្លាប់លោក ហុក ឡង់ឌី , សម្តេចបានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា និងចុងក្រោយថា សម្តេចបានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់លោក ហុក ឡង់ឌី ដោយភូតកុហកថា ឧត្ថម្ភាគចក្រដែលក្នុងនោះ លោក ហុក ឡង់ឌី បានទទួលមរណៈភាព គឺត្រូវរន្ទះបាញ់ ខណៈបុគ្គលសម រង្ស៊ី អះអាងថា ឧត្ថម្ភាគចក្រនេះ ត្រូវបានផ្ទុះដោយគ្រាប់បែកដេលបានដាក់បង្កប់នៅក្នុងនោះ។

សម្តេចតេជោបន្តថា “ទាំងនេះ ជាការចោទប្រកាន់បែបបរិហារកេរ្តិ៍ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់បុគ្គលសម រង្ស៊ី”

សម្តេចនាយរដ្ឋមន្រ្តីបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេច តែងតែអន់ឱន និងអនុគ្រោះ សណ្តោយប្រណីចំពោះជនរួមជាតិ។ សម្តេចមិនចង់ប្តឹងបុគ្គលសម រង្ស៊ីនោះទេ ក៏ប៉ុន្តែការចោទប្រកាន់នេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចបានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។

ចំណែកសេចក្តីប្រកាសព័ត៌មានរបស់លោក ឌី វិជ្ជា វិញបានឲ្យដឹងដែរថា ប្តឹងបុគ្គលសម រង្ស៊ីចំពោះសារមួយដែលបានផ្សាយក្នុងហ្វេសប៊ុករបស់លោក សម រង្ស៊ី។ លោកថា បុគ្គល សម រង្ស៊ីបានចោទប្រកាន់លោក ដោយបំពាន និងដោយខុសច្បាប់ស្រឡះថា លោកបានជឿជាក់ថា ឪពុកខ្លួនត្រូវបានសម្តេចតេជោ សម្លាប់ ។ បុគ្គលសម រង្ស៊ី បានអះអាងដោយមួលបង្កាច់ថា លោកមានចេតនា “សងសឹក” ចំពោះការស្លាប់របស់ឪពុកខ្លួន ហើយដើម្បីសម្រេចកិច្ចការនេះ លោកបានរៀបចំផែនការសងសឹកនេះ ដោយរួមដៃជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង។

សេចក្តីប្រកាសបន្តថា “ឯកឧត្តម ឌី វិជ្ជា មិនអាចទទួលយកការទម្លាក់កំហុសបែបបរិហារកេរ្តិ៍នេះបានទេ ។ បើតាមការពិនិត្យទៅលើពាក្យពេជន៍ដែលបុគ្គលសម រង្ស៊ីបានប្រើពាក្យ សងសឹក និងផែនការ គឺជាការចោទប្រកាន់ថា ឯកឧត្តមពិតជាមានបំណងធ្វើសកម្មភាពដោយខុសច្បាប់ ដើម្បីសងសឹកចំពោះឧក្រិដ្ឋកម្មលើឪពុករបស់ខ្លួន។ ការនិយាយចោទប្រកាន់ដោយបុគ្គលសម រង្ស៊ី បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកិត្តិយស និងកិត្តិស័ព្ទរបស់ឯកឧត្តម ទើបតម្រូវឲ្យដាក់ពាក្យបណ្តឹងទៅតុលាការ”

Facebook Comments

To Top