ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ណែនាំមន្ត្រីសុខាភិបាល ខេត្តស្វាយរៀង ឲ្យលុបបំបាត់សេវា សុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ

ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងាថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានជំរុញដល់បុគ្គលិកសុខាភិបាល គ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវ បន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសលុបបំបាត់ សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្ដល់សេវាសុខភាពឱ្យកាន់តែ មានគុណភាពសំដៅលើកកម្ពស់ ប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ លោកស្រី ម៉ែន សំអន បានណែនាំដល់បុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវា លើការសង្គ្រោះ និងពិនិត្យ ព្យាបាល ជំងឺជូន ប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត ស្រលាញ់អ្នកជំងឺដែលជាអ្នកមក ទទួល និង ប្រើប្រាស់សេវានៅមន្ទីរពេទ្យ។
លោកបានណែនាំបន្ថែមថា បុគ្គលិកពេទ្យត្រូវមានកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជំងឺ។

បន្ថែមពីលើនេះលោកស្រី ស្នើមមន្រ្តីពេទ្យទាំងអស់ ត្រូវថែររក្សាភាពស្អាតស្អំ និងអនាម័យជាជាពិសេស ត្រូវសំអាតសម្ភារៈបរិក្ខាពេទ្យកម្រាលឥដ្ឋ បន្ទប់អ្នកជំងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ៕

ដោយ៖ យាង ដានុត

Facebook Comments

To Top