ព័ត៌មានជាតិ

ដំណើរការប្រឡងថ្ងៃទី១ប្រព្រឹត្តទៅ ដោយរលូន មិនមានបាតុភាពអ្វីទេ

ភ្នំពេញ៖សរុបព្រឹត្តិការណ៍ នៃដំណើរការសំណេរ នាថ្ងៃទី១(១៩ សីហា) នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅ ដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ទោះបីជាបេក្ខជនខ្លះមានបញ្ហាសុខភាព និងអវត្តមានក៏ដោយ។

ចំណែកអាកាសធាតុវិញល្អដោយមិនមានភ្លៀងធ្លាក់ឡើយនៅគ្រប់មណ្ឌលប្រឡង ទូទាំងប្រទេស ។

តាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយបញ្ចប់ដំណើរការប្រឡងនាថ្ងៃទី១នេះ បានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគ គណៈអប្បមាទ ជំនួយការ អប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យ អគារ គណៈកម្មការអនុរក្ស និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងក្នុងការ ធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ ឬឧបករណ៍អេឡិត្រូនិក ចូលក្នុងមណ្ឌល ប្រឡងឡើយ ។

ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា) ។ ពេលរសៀលមានមុខវិជ្ជា គីមីវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា ថ្នាក់វិទ្យាសាស្ត្រសង្គម និងភាសាបរទេសដូចគ្នាទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។

សូមបញ្ជាក់ថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ៤៤ ៦៨៣ នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២ ៣៤១ នាក់ មាន ១២៧ មណ្ឌល ។ ចំនួនបេក្ខជនអវត្តមានវិញចំនួន ១៦១៩ នាក់ ស្រី ៦២១ នាក់ ជាភាគរយ ១.៣៨%។ បេក្ខជនមានបញ្ហាសុខភាពចំនួន៤៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ៕

Facebook Comments

To Top