ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា សាខាភ្នំពេញ បេ្តជ្ញាពង្រីកសកម្មភាពមនុស្សធម៌ ឲ្យកាន់តែខ្លាំងក្លា ដើម្បីជួយជនរងគ្រោះទាន់ពេលវេលា

ភ្នំពេញ៖ ដើម្បីបង្កើនប្រសិទ្ធភាព សកម្មភាពមនុស្សធម៌ជួយដល់ ជនរងគ្រោះឲ្យបានទាន់ពេលវេលា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ បានបេ្តជ្ញាពង្រីកសកម្មភាពមនុស្សធម៌ របស់ខ្លួន​ អោយកាន់តែខ្លាំងក្លា ក្នុងការធានាប្រសិទ្ធភាព នៃការផ្តល់កិច្ចអន្តរាគមន៍ ជួយសង្គ្រោះជនរង គ្រោះ និងជនងាយរងគ្រោះនានា ។

ក្នុងឱកាសពិធី ប្រកាសតែងតាំង លោក ជិន ប៊ុនធឿន ជានាយកប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដោយខិតខំប្រឹងប្រែង បំពេញបេសកកម្មមនុស្សធម៌ ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែក ក្នុងវិស័យមនុស្សធម៌ តាមរយៈ ការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

លោកបន្តថា កិច្ចខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះ ក្នុងន័យជួយពនឿន ការកាត់បន្ថយអត្រាភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់ កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង ។

លោកបានបន្តថា ក្នុងតួនាទីជាជំនួយការ​ ឱ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាក របស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញ នូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញដូចជា ព្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ព្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានបានសម្តែងការ កោតសរសើរដល់កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ដែលបានបំពេញបេសកកម្មភាព មនុស្សក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយសង្គ្រោះ ដល់ជនរងគ្រោះនិងជនងាយរងគ្រោះ។

លោកស្រីថា ការរៀបចំរចនាសម្ព័ន្ធរបស់សាខា ថ្នាក់រាជធានីរហូត ដល់សហគមន៍ដ៏រឹងមាំនេះ បានផ្តល់សេវាត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្ត រាយនឹងជួយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះនិងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព ហើយទាន់ពេលវេលា។ ហើយការងារមនុស្សធម៌ ជាការងារដ៏ធំធេងធ្ងន់ធ្ងរ តែវាឧត្តុង្គឧត្តមណាស់ មិនអាចតួរអង្គណាម្នាក់ ស្ថាប័នណាមួយឬប្រទេសណាមួយ អាចសម្រេចកិច្ច ការនេះតែឯកឯងបានឡើយ។ ដូច្នេះចាំបាច់ឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ និងការជួយឧប ត្ថម្ភគាំទ្រពីសម្បុរជន ជាតិអន្តរជាតិនានាបន្ថែមទៀត ដើម្បីឲ្យស្ថាប័ន្ធមនុស្សមួយនេះ កាន់តែបំពេញ បាននូវតួនាទីរបស់ខ្លួនជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនានា នៅក្នុងសង្គម ។

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានសម្រេចតែងតំាង លោកជិន ប៊ុនធឿន ជានាយកប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពស កម្មភាពមនុស្សធម៌ជួយដល់ ជនរងគ្រោះឲ្យបានទាន់ពេលវេលា៕ ដោយ៖ ដារាត់

Facebook Comments

To Top