នយោបាយ

កម្ពុជាស្នើជប៉ុន ជួយគាំទ្រ ការអភិវឌ្ឍ ធនធានមនុស្សបន្ថែមទៀត ដើម្បីមានលទ្ធភាព អភិវឌ្ឍន៍ប្រទេស កាន់តែរីកចម្រើន

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើសុំប្រទេសជប៉ុន ជួយគាំទ្រកម្ពុជាបន្ថែមទៀត ជាពិសេសការអភិវឌ្ឍ ធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាព អភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើន។ នេះបើយោងតាមហ្វេសប៊ុក របស់សម្ដេច ហេង សំរិន ។

ក្នុងជំនួបជាមួយលោក ហ៊ីដេហ៊ីសា ហារី ហូរីណូអ៊ុជិ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចំានៅកម្ពុជា ចប់អាណត្តិ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សម្តេច ហេង សំរិន បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១៣ មក វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរបានក្លាយជា “ភាពជាដៃគូយុទ្ធសាស្រ្ត “។ ថ្នាក់ដឹកនាំ ប្រទេសទាំងពីរ រួមគ្នាលើកកម្ពស់ចំណងការទូតនេះ យ៉ាងសកម្មផុលផុស នៅគ្រប់កម្រិត គ្រប់វិស័យ ព្រមទាំងបានប្រែក្លាយ ទៅជាផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើន ដល់ពលរដ្ឋកម្ពុជា។

ប្រធានរដ្ឋសភាបន្តថា “ស្នើសុំប្រទេសជប៉ុន ជូនគាំទ្រដល់ប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជា មានលទ្ធភាពអភិវឌ្ឍន៍ ប្រទេសឲ្យកាន់តែរីកចម្រើន” ។

នាឱកាសនោះដែរ សម្តេចហេង សំរិន បានអំណរគុណជប៉ុន បានជួយគំាទ្រ និងផ្តល់ជំនួយច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជារហូតមក។ ក្នុងរយៈពេលស្នាក់នៅកម្ពុជានេះ លោកឯកអគ្គរដ្ឋ បានឃើញពីដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ។ កម្ពុជា បានអនុវត្តពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ សម្តេចក៏បានអរគុណជប៉ុន ចំពោះការគ្រំាទ្រការកែទម្រង់ការបោះឆ្នោត និង ការលើកកំពស់សិទ្ធិមនុស្សនៅកម្ពុជា។

ចំណែកឯកអគ្គរាជទូតជប៉ុនប្រចំាបានលើកឡើងថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា គឺចំពេលដែលសេដ្ឋកិច្ចកម្ពុជាមានការីកចម្រើន ហើយទំនាក់ទំនងកម្ពុជា-ជប៉ុន ក៏មានការរីកចម្រើនរឹងមាំជាលំដាប់ ទំាងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចំណងការទូតកម្ពុជា-ជប៉ុន មានរយៈពេលជាង ៦៥ឆ្នាំមកហើយ។ ក្នុងខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ ជប៉ុនបានបង្កើតការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាបផងដែរ ៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top