ព័ត៌មានជាតិ

គណៈប្រតិភូ ជាន់ខ្ពស់សភាកម្ពុជា នឹងចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤០នៅថៃ

ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន(AIPA) លើកទី៤០ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥-៣០ ខែសីហា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤០ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ “ជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព”។

ក្នុងកំឡុងពេលនៃមហាសន្និបាត នឹងមានកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើន របស់អាយប៉ាមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ , កិច្ចប្រជុំពេញអង្គ , កិច្ចប្រជុំគណៈកម្មាធិការ សមាជិកសភាស្រ្តី(WAIPA) , កិច្ចប្រជុំ គណៈកម្មាធិការនយោបាយ កិច្ចប្រជុំ គណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច , កិច្ចប្រជុំគណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាងអាយប៉ា ជាមួយបណ្តាប្រទេស សង្កេតការណ៍ជាដើម។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេស ជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ។

អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋ ក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឲ្យសម្រេចបាន នូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិក ផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេស តាមអក្សរឡាតំាង ៕ ដោយ៖ ស សំណាង

Facebook Comments

To Top