អន្តរជាតិ

ចិនគ្មានប្រតិកម្ម បើទោះលោក ដូណាល់ ត្រាំ ព្រលយសម្ដីថា អាមេរិកមិនចង់ធ្វើជំនួញ ជាមួយ Huawei នោះទេ

វ៉ាស៊ីនតោន៖ នៅមិនទាន់ មានប្រតិកម្មតបវិញនៅឡើយទេ បើទោះជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមិនចង់ធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុន Huawei តិចណូឡូជីខូអិលធីឌីនោះទេ ដែលបង្ហាញថា ប្រទេសរបស់លោក មានបំណងបន្តចុះបញ្ជីខ្មៅ លើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិនមួយនេះ។

នាយកដ្ឋានពាណិជ្ជកម្ម ដែលបានប្រកាស កាលពីខែឧសភា ថាខ្លួននឹងអនុញ្ញាត ឱ្យក្រុមហ៊ុន Huawei បន្តធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនអាមេរិក ដើម្បីបម្រើអតិថិជន ដែលមានស្រាប់ ហើយត្រូវបានគេរំពឹងថា នឹងពន្យារពេលកំណត់ត្រឹម ៩០ថ្ងៃដល់ខែវិច្ឆិកា ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនចង់ធ្វើអាជីវកម្មអ្វីទាំងអស់ ពីព្រោះវាជាការគំរាមកំហែង សន្តិសុខជាតិ យើងនឹងឃើញមានអ្វីកើតឡើង ខ្ញុំនឹងធ្វើការសម្រេចចិត្ត នៅថ្ងៃស្អែក” ។

លោកប្រធានាធិបតី ក៏បានបង្ហើបឱ្យដឹងថា នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Apple Inc លោក Tim Cook បានសម្តែងការព្រួយបារម្ភ អំពីផែនការពន្ធរបស់រដ្ឋបាល លើការនាំចូលពីប្រទេសចិន រួមទាំងផលិតផល របស់ក្រុមហ៊ុន Apple ដែលផលិត នៅក្នុងប្រទេសអាស៊ីផងដែរ៕

Facebook Comments

To Top