នយោបាយ

រដ្ឋមន្រ្តីអប់រំ ប្ដេជ្ញា​ មិនឲ្យបូកពិន្ទុប្រឡង បាក់ឌុប ខុសដូចឆ្នាំមុន

ភ្នំពេញ ៖ ឆ្នាំ២០១៨ មានការបូកពិន្ទុ របស់បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ខុស ដែលតម្រូវឲ្យបូកឡើងវិញ ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានធ្វើការប្ដេជ្ញាចិត្តថា នឹងមិនឲ្យភ្លាត់ស្នៀតខុស ជាលើកទី២ឡើយ ព្រោះក្រសួងបានបង្កើត គណៈកម្មាធិការបច្ចេកទេស សម្រាប់ត្រួតពិនិត្យ តាមដានយ៉ាងយក ចិត្តទុកដាក់បំផុត ។

ក្រសួងក៏បានរៀបចំកម្មវិធីថ្មីមួយទៀត សម្រាប់បូកផ្ទៀងផ្ទាត់ស្រង់ ពិន្ទុរបស់បេក្ខជននីមួយៗ ព្រមទាំងរៀបចំមជ្ឈមណ្ឌល កុំព្យូទ័រ២ថែមទៀតដែរ។

កាលពីឆ្នាំ២០១៨ ក្រសួងបានបូកសរុបពិន្ទុ របស់បេក្ខជនមួយចំនួនខុស ដោយសារប្រព័ន្ធកុំព្យូរទ័រ ធ្វើឲ្យក្រសួងបូកពិន្ទុរបស់បេក្ខជនសារជាថ្មី។

ក្នុងឱកាសអញ្ជើញបើកវិញ្ញា សាប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក ហង់ ជួនណារ៉ុន បានថ្លែងថា “ឃើញថា ក្រសួងបានបង្កើតអនុគណៈកម្មាធិការពិសេសមួយ ហើយបានរៀបចំនូវកម្មវិធីថ្មីតែម្ដង សម្រាប់ការបូកស្រងពិន្ទុនេះ ។ យើងក៏បានធ្វើតេស្តរៀបចំមជ្ឈមណ្ឌលកុំព្យូរទ័រ២ទៀត។ ដើម្បីឲ្យដឹងថា បើសិនជាអ៊ែររ័រ យើងសាកនូវមួយទៀត។ ចឹងពីរកន្លែងហើយ មានទាំងប្រព័ន្ធចាស់មានទាំងប្រព័ន្ធថ្មី”។

លោកថា “មាននីតិវិធីក្នុងការត្រួតពិនិត្យមើលថា តើលទ្ធផលហ្នឹងវាយ៉ាងម៉េចដែរ! យកលទ្ធផលមកវិភាគមួយរយៈសិន ដោយមិនផ្សព្វផ្សាយលទ្ធផលភ្លាមៗទេ គឺយើងវិភាគហើយ ទើបយើងឲ្យអ្នកបច្ចេកទេសបញ្ចូល ទៅក្នុងប្រព័ន្ធកម្មវិធីទៀត ទៅមើលថា តើលទ្ធផលហ្នឹងវាត្រឹមត្រូវដែរឬអត់? ទើបយើងនឹងប្រជុំសម្រេចប្រកាសលទ្ធផល”។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា ក្រសួងអនុវត្តន៍យ៉ាងតឹងរឹងចំពោះបេក្ខជនដូចបណ្តាឆ្នាំកន្លងមក ចំពោះការដកហូតសំណៅឯកសារនានា។ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំនេះ អាកាសធាតុអំណោយផលល្អគ្រប់កន្លែង មិនមានភ្លៀងធ្លាក់ផ្អាកដំណើរការប្រឡងនោះទេ។

ទន្ទឹងនេះដែរ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានឲ្យដឹងថា សសយក បានផ្ដល់វគ្គបំប៉នដល់និស្សិត ដោយបានបន្ថែមកម្មវិធីរៀនតាមប្រព័ន្ធអនឡាញ ដោយនិស្សិតទូទាំងប្រទេសអាចចូលក្នុងកម្មវិធីអនឡាញនោះ ហើយសិក្សាយកជំនាញដោយខ្លួនឯង នូវមុខវិជ្ជាត្រូវប្រឡង។

ទាក់ទងជាមួយនឹងការបម្រើសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា បានបង្កើនកម្លាំងការពារដើម្បីថែរក្សាសណ្ដាប់ធ្នាប់របស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំង២៧មណ្ឌល ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យដំណើរការល្អប្រសើរឡើង៕ ដោយ៖ធី លីថូ

Facebook Comments

To Top