ព័ត៌មានជាតិ

លោក គួច ចំរើន ប្រកាសផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង និងថវិកា ១ពាន់ដុល្លារ ដល់បេក្ខជន ប្រឡងជាប់និន្ទេស A

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសថា ចំពោះបេក្ខជនដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិន្ទេស A នឹងទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ហើយសង្ឃឹមថា បេក្ខជនទាំងអស់នឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីទទួលបានជោគជ័យ នាពេលខាងមុខគ្រប់ៗគ្នា ។ នេះបើយោង តាមបណ្ដាញសង្គមហ្វេសប៊ុក របស់រដ្ឋបាល ខេត្ត ព្រះសីហនុ ។

ក្នុងឱកាសអញ្ជើញ ពិនិត្យកន្លែងស្នាក់នៅ និងការពិសារអាហារ របស់បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ សម័យប្រឡងថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់ កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃអាទិត្យ ៣រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លោកគួច ចំរើន បានមានស្រសាសន៍ជាមួយប្អូនៗ ដែលជាបេក្ខជន្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទាំងអស់ថា ត្រូវតែខិតខំថែ រក្សាសុខភាព ដេកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនចូល ប្រឡងតាមសមត្ថភាពដែលប្អូនៗ បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ១០ឆ្នាំកន្លងមកនេះ ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា “ចំពោះបេក្ខជនដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិន្ទេស A នឹងទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ហើយសង្ឃឹមថា ក្មួយនិងប្រឹងឱ្យអស់លទ្ធភាព ដើម្បីទទួលបានជោគជ័យ នាពេលខាងមុខគ្រប់ៗគ្នា “។

លោកអភិបាលបញ្ជាក់ថា ដើម្បីជួយសម្រាល ដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់មាតា បិតា អាណាព្យាបាលសិស្ស និងប្អូនៗ ដែលជាបេក្ខជនដែល មកពីបណ្តាលវិទ្យាល័យឆ្ងាយៗ មានដូចជា វិទ្យាល័យស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយការស្នាក់នៅ និងការហូបចុក ក្នុងអំឡុងពេលប្រឡង ។ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅ និងផ្ដល់អាហារបីពេលក្នុងមួយថ្ងៃ សម្រាប់បេក្ខជន ដែលមកពីវិទ្យាល័យឆ្ងាយ មានដូចជា វិទ្យាល័យ ហ៊ុន សែន កំពង់សិលា និងវិទ្យាល័យ ហ៊ុន សែន កែវផុសនៅ ផ្ទះសំណាក់ ឡេង ទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ។ ចំពោះបេក្ខជន មកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃ នៅផ្ទះសំណាក់គ្រូ បង្រៀន និងផ្ទះសំណាក់កាកបាទ ក្រហមខេត្ត ស្ថិតនៅក្នុងក្រុងព្រះសីហនុ ។ ដោយឡែក ចំពោះការផ្ញើយានជំនិះ របស់បេក្ខជនទាំងអស់ នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តជាអ្នកធានារ៉ាប់រង ក្នុងការចំណាយទាំងស្រុង ។

សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១ នៃការដំណើរការ ធ្វើសំណេរវិញ្ញាសារ នៅតាមបណ្តាមណ្ឌលប្រឡងមួយ មានបេក្ខជនបានជួបញ្ហាសុខភាព អំឡុងពេលកំពុងធ្វើសំណេរវិញ្ញាសា ខណៈការនាំចូល នូវសំណៅឯកសារ និងសម្ភារៈហាមឃាត់មកជាប់ខ្លួន របស់បេក្ខជន ស្ទើរតែគ្មាននោះទេ។

តាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់ បើធៀបនឹងឆ្នាំ២០១៨ ។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រ ឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

មន្ត្រីអ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិ រួចរាល់ហើយ ទាំងមន្ត្រីគ្រប់គ្រងការប្រឡង មណ្ឌល និងវិញ្ញាសារ សម្រាប់ការប្រឡងនេះ។ ពោលអ្វីៗប្រព្រឹត្តទៅ តាមការគ្រោងទុក គ្មានអ្វីប្រែប្រួលនោះឡើយ។ ទោះជាយ៉ាងណា មានមណ្ឌលប្រឡង តែមួយប៉ុណ្ណោះ នៅក្នុងខេត្តកំពត ត្រូវបានផ្លាស់ប្តូរដោ យសារតែជំនន់ទឹកភ្លៀង។

សូមជម្រាបថាការប្រឡង នៅថ្ងៃទី១៩ ខែសីហា នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ រួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គ មរួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។ ថ្ងៃទី២០ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top