អន្តរជាតិ

លោក ត្រាំ ទំនងជានឹងចេញផែនការ​ សន្តិភាពតំបន់មជ្ឈិមបូព៌ា ក្រោយការបោះឆ្នោតអ៊ីស្រាអែល

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅពេលថ្មីៗនេះថា លោកទំនងជានឹងត្រូវរង់ចាំរហូតដល់ ក្រោយការបោះឆ្នោតនាថ្ងៃទី១៧ ខែកញ្ញារបស់ប្រទេសអ៊ីស្រាអែល ទើបចេញនូវផែនការ សន្តិភាពសម្រាប់តំបន់ ដែលធ្វើឡើងដោយទីប្រឹក្សា ជាន់ខ្ពស់របស់សេតវិមាន លោក Jared Kushner។

លោក Jared Kushner ដែលជាកូនប្រសាររបស់លោក ត្រាំ គឺជាបុគ្គលដ៏សំខាន់នៃគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ ៥០ពាន់លានដុល្លារ សម្រាប់ប្រជាជនប៉ាឡេស្ទីន ហ្ស៊កដានី អេហ្ស៊ីប និងលីបង់ ហើយផែនការនេះ គឺត្រូវបានរចនាឡើងដើម្បីបង្កើត ឲ្យមានសន្តិភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា កាលពីខែមិថុនា សេតវិមានបានធ្វើការគូសបង្ហាញ នូវផែនការសេដ្ឋកិច្ចតំបន់មជ្ឈិមបូព៌ា ៥០ពាន់លានដុល្លារ ដែលនឹងបង្កើតជាមូលនិធិ វិនិយោគពិភពលោកមួយ ដើម្បីលើកស្ទួយសេដ្ឋកិច្ច ពួកប៉ាឡេស្ទីន និងសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិតខាង និងផ្តល់ថវិកា៥ពាន់លានដុល្លារ សម្រាប់កសាងផ្លូវដឹកជញ្ជូន ដែលតភ្ជាប់តំបន់ West Bank និងតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top