ព័ត៌មានជាតិ

បេក្ខជន នៅតាមមណ្ឌលប្រឡងមួយចំនួន មានបញ្ហាសុខភាព ខណៈការនាំចូលសំណៅឯកសារ និងសម្ភារៈហាមឃាត់ស្ទើរតែគ្មាន

ភ្នំពេញ៖ សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១ នៃការដំណើរការធ្វើសំណេរវិញ្ញាសារ នៅតាមបណ្តាមណ្ឌលប្រឡងមួយចំនួន មានបេក្ខជនបានជួបញ្ហាសុខភាព អំឡុងពេលកំពុងធ្វើសំណេរវិញ្ញាសា ខណៈការនាំចូលនូវសំណៅឯកសារ និងសម្ភារៈហាមឃាត់ មកជាប់ខ្លួនរបស់បេក្ខជន ស្ទើរតែគ្មាននោះទេ។

យោងតាមគេទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានចេញផ្សាយ មុននេះបានឲ្យដឹងថា បេក្ខជនប្រឡងនៅតាម មណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរ សំណេរប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។

ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពី បានទទួលការព្យាបាល។

ចំពោះទិដ្ឋភាពប្រឡង វិញប្រភពបានឲ្យដឹងសកម្មភាព ប្រមូល សំណៅឯកសារ និងស ម្ភារៈហាមឃាត់នាព្រឹកថ្ងៃទី១ នៃដំណើរការ សំណេរ ស្ទើរតែគ្មានការនាំចូលនូវសំណៅឯកសារ និងសម្ភារៈហាមឃាត់ មកជាប់ខ្លួនរបស់បេក្ខជន។ តាម រយៈការប្រមូលយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជន នៅតាមមណ្ឌលប្រឡងមួ យចំនួនក្នុងដំណើរការវិញ្ញាសា សំណេរប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នេះដោយគណៈកម្មការអនុរក្ស និង មន្ត្រី មិនទាន់មានករណីនាំ យក សំណៅឯកសារ និងសម្ភារៈហាមឃាត់មក ជាប់ខ្លួនរបស់បេក្ខជនឡើយ។

សូមជម្រាបថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ការប្រឡងយកសញ្ញាបត្រម ធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយ ជាមួយបេក្ខជនចូល រួមប្រឡងសរុបជិត១២ម៉ឺននាក់ ថយចុះធៀបនឹងឆ្នាំកន្លងទៅ ។

តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨ ។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រ ឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់ ហើយទាំងមន្ត្រីគ្រប់គ្រងការប្រឡង មណ្ឌល និងវិញ្ញាសារ សម្រាប់ការប្រឡងនេះ។ ពោលអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានអ្វីប្រែប្រួលនោះឡើយ។ ទោះជាយ៉ាងណាមានមណ្ឌលប្រឡង តែមួយប៉ុណ្ណោះនៅក្នុងខេត្តកំពត ត្រូវបានផ្លាស់ប្តូរដោ យសារតែជំនន់ទឹកភ្លៀង។

ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ ដំណើរការប្រ ឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ សីហា ឆ្នាំ២០១៩នេះ គឺបានរៀបចំរួចស្រេចទៅតាមការគ្រោងទុក ចំណែកឯហឹបវិញ្ញាសារទាំង៤០៤ ក៏បានដឹកទៅដល់មណ្ឌលប្រឡងរួចរាល់ផងដែរ ។ ក្នុងនោះមាន១មណ្ឌលនៅឯខេត្តកំពត ត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរ មូលហេតុដោយសារទទួលជំនន់ទឹកភ្លៀង។ ក្រៅពីនោះ គឺមិនមានផលប៉ះពាល់អ្វីនោះទេ ប៉ុន្ដែក្រោយពីការផ្លាស់ប្ដូរនេះ ចំនួនសរុបមណ្ឌលនៅតែ ២០២មណ្ឌលដដែល។

ដើម្បីធ្វើឱ្យការប្រឡងទទួលបាន ជោគជ័យតាមគោលដៅដែលបានគ្រោងទុក ក្រសួងបានពង្រាយមន្ត្រីគ្រប់គ្រងការប្រឡងនេះ សរុប ១៧,៤៣០នាក់ ក្នុងនោះ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ ដែលជាគរុនិសិ្សត ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ ១,១៨១នាក់ និងគណៈកម្មកា រកណ្តាល ២,៤០៥នាក់។

សូមជម្រាបថា ការប្រឡងនៅថ្ងៃទី១៩ ខែសីហា នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ រួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គ មរួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។ ថ្ងៃទី២០ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ៕

ដោយ៖ ស សំណាង

Facebook Comments

To Top