ព័ត៌មានជាតិ

គម្រោងចែករំលែក ស្នាមញញឹមលើកទី៧ កាន់តែពិសេស ជាមួយពិរព័ណ៌ស្នាដៃ សិល្បៈកុមារ សាលាសហគមន៍ ព្រមទាំងមានការបង្ហាញ សិល្បៈចម្រុះ

ភ្នំពេញ៖ គម្រោងចែករំលែក ស្នាមញញឹមលើកទី៧ ឬ Sharing of Smile 2019 បានរៀបចំកម្មវិធីសិល្បៈចម្រុះ និងពិរព័ណ៌ស្នាដៃកុមារ សាលាសហគមន៍សន្តិភាព កាលពីល្ងាចថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ នៅសាល Black Box Theater នៃសាលាអន្តរជាតិ ភ្នំពេញ ក្នុងគោលបំណង ចែករំលែកស្នាមញញឹម ដល់កុមារនៅសាលាសហគមន៍សន្តិភាព ស្ថិតនៅភូមិត្រពាំងលៀន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមរយៈការលើកទឹកចិត្តឲ្យប្អូនៗ កុមារនៅទីនោះចូលរួម ក្នុងការសិក្សានិង ការងារក្នុងសហគមន៍ ការលើកកម្ពស់ភាព ច្នៃប្រឌិត ដល់កុមារព្រមទាំងផ្ដល់ក្ដី សង្ឃឹម ដល់កុមារ បណ្ដុះឲ្យមានក្ដីសុបិននិង សេចក្ដីព្យាយាម ដើម្បីសម្រេច នូវគោលបំណង របស់ខ្លួន។

លោក គី វាសនា ជា Project Chair នៃគម្រោងចែករំលែក ស្នាមញញឹមលើកទី៧ ឬ Sharing of Smile 2019 បានឲ្យដឹងថា គម្រោងចែករំលែកស្នាមញញឹម ធ្វើឡើង ក្នុងគោលបំណងបណ្តុះគំនិតច្នៃប្រឌិត ភាពក្លាហាននឹង សមត្ថភាពរបស់ កុមារពីសហគមន៍។

លោកបញ្ជាក់ថា “ការរ៉ៃអង្គាសថវិកា ដែលទទួលបានពីការ លក់សំបុត្រ និងពីសប្បុរសជន ដែលធ្វើការដេញ ថ្លៃវត្ថុអនុស្សាវរីយ៍ នឹងត្រូវបរិច្ចាគទៅសាលា សហគមន៍សន្តិភាព ដើម្បីកសាងបណ្ណាល័យក្នុង បរិវេណសាលា ឲ្យប្អូនៗកុមារបាន ពង្រីកចំណេះដឹង របស់ខ្លួន ។ តាម រយៈគម្រោងនេះ កុមារមកពីសហគមន៍ជនបទ បានទទួល យកបទពិសោធន៍ថ្មី បណ្តុះនូវ ភាពក្លាហាននិងភាព ច្នៃប្រឌិតរបស់ពួកគេ ហើយពួកគេទទួលបាន ការជំរុញទឹកចិត្តរបស់ ពួកគេថាពួកគេពិតជាមានសមត្ថភាព ដូចកុមារដទៃទៀតដែរ”។

គម្រោងចែករំលែកស្នាមញញឹម ឬ Sharing of Smile គឺជាគម្រោងដែលបានបង្កើតឡើង ដោយយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Cambodia – Phnom Penh) តាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណង ចូលរួមចំណែក ចែករំលែកដល់សង្គម ដោយផ្ដោត ជាពិសេសទៅលើ អនាគតកុមារ ដែលកំពុងជួបប្រទះ កង្វះខាតក្នុងការរស់នៅ ឬឱកាស ក្នុងការសិក្សា។ ក្នុងរយៈកាលជា ច្រើនឆ្នាំ មកនេះ Sharing of Smile បានបន្តបេសកកម្ម ក្នុងការ ចែករំលែកស្នាមញញឹមដល់ មនុស្សនៅជុំវិញខ្លួន តាមរយៈសកម្មភាពផ្សេងៗ ពីគ្នាដូចជាជាក់ស្ដែងក្នុងឆ្នាំ ២០១៨ គម្រោងនេះ បានស្វែងរកប្រាក់ ឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារ អង្គរក្នុងខេត្តសៀមរាប តាមរយៈការរៀបចំកម្មវិធី សប្បុរសធម៌ «រាត្រីក្រមា»។

គួររំលឹកថា ក្នុងរយៈពេលកន្លងមកនេះ គម្រោង Sharing of Smile បានចូលរួមបណ្ដុះ នូវការចែករំលែក និងផ្ដោះប្ដូរចំណេះដឹង តាមរយៈការបង្រៀនរបៀប ផលិតសិប្បកម្មវត្ថុ អនុស្សាវរីយ៍ រវាងប្អូនៗ កុមារនិងក្រុមការងារ ស្ម័គ្រចិត្ត របស់គម្រោង ដោយស្មារតីជឿជាក់ថា ភាពច្នៃប្រឌិត រួមជាមួយនឹងក្ដីស្រមៃ ដែលពពោរពេញដោយការអប់រំ ពិតជានឹងអាច ចូលរួមអភិវឌ្ឍ សហគមន៍ ដែលប្អូនៗរស់ នៅនាពេលអនាគតបាន។

សូមបញ្ជាក់ថា កម្មវិធីសប្បុរសរបស់ គម្រោងចែករំលែកស្នាមញញឹមឆ្នាំ ២០១៩ នេះ បានដាក់តាំងបង្ហាញនូវ ស្នាដៃវត្ថុអនុស្សាវរីយ៍ របស់ប្អូនៗ ដែលជាសិស្សានុសិស្សរបស់ សាលាសហគមន៍សន្តិភាព ព្រមទាំង ការសម្ដែងសមត្ថភាព ផ្ទាល់របស់ប្អូនៗ តែម្ដង។ ក្រៅពីនេះនៅមានវត្តមាន ការប្រគំតន្ត្រីពីសំណាក់ តារាចំរៀង Original Song និងការ សម្ដែងសិល្បៈប្រពៃណី ដូចជាល្ខោន ខោលផងដែរ៕

Facebook Comments

To Top