នយោបាយ

Full Story៖ កម្ពុជានឹងរៀបចំការប្រឡង សញ្ញាបត្រទុតិយភូមិ នៅព្រឹកស្អែក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមរៀបចំការដំណើរ ការ សំណេរ នៃ ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញវិជ្ជាសម័យ ប្រឡង២ថ្ងៃ ចាប់ពី១៩ -២០ សីហា។ ខណៈរដ្ឋមន្ត្រីសង្ឃឹមថា នឹងទទួលជោគជ័យដូចបណ្តាឆ្នាំកន្លងមក ក្រោយកំណែទម្រង់វិស័យអប់រំ អស់រយៈពេល ៥ឆ្នាំមកនេះ។

ក្នុងនោះទាំងកងកម្លាំងការពារសុវត្ថិភាព នៅជុំវិញមណ្ឌលប្រឡង និងការពារបេក្ខជនក៏បានត្រៀមរួចហើយដែរ ដើម្បីឲ្យ ដំណើរការប្រព្រឹត្តទៅដោយរលូន។

សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់ វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤៧២៥ បន្ទប់ ដោយមានបេក្ខជន ប្រឡងសរុប ចំនួន ១១៧០២៤ នាក់ ស្រី៦០៤២១នាក់ ។ ថ្នាក់ វិទ្យាសាស្ត្រមានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់។

មុនមួយថ្ងៃនៃការប្រឡង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានស្នើឲ្យបរក្ខជនប្រឡង ទាំងអស់គោរពតាមបទ បញ្ញត្តិដែលក្រសួងបានដាក់ចេញ។

ក្នុងនោះលោក ក៏បានឲ្យបេក្ខជនទៅមើលឈ្មោះ លេខតុ និងលេខបន្ទប់ ឲ្យបានគ្រប់គ្នាជៀសវាងថ្ងៃស្អែក ជាពេលវេលា ប្រឡងហើយ តែរកឈ្មោះមិនឃើញ។

លោកថាចំពោះបុគ្គលិកអប់រំ ទាំងអស់ត្រូវបំពេញការងារ ទៅតាមភារកិច្ចរៀងៗខ្លួន ដើម្បីធានាឲ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុកដែលក្រសួង បានទទួលជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក។

ចំណែកអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានឲ្យដឹងដែរថា ក្រសួងបានត្រៀមខ្លួនមរួចជាស្រេច សម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។

អ្នកនាំពាក្យបានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៨ សីហាថា ក្រសួងបន្តស្វាគមន៍ និងថ្លែងអំណរ គុណចំពោះកិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ ដូច៥ឆ្នាំកន្លងមកដែរ។ កិច្ចសហការរួមគ្នានេះបង្ហាញពីស្មារតី សាមគ្គីគ្នា ដើម្បីលើកកម្ពស់ គុណភាពអប់រំ និងគុណភាពមូលធនមនុស្ស។

លោកថាជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ គឺពឹងផ្នែកទៅលើកិច្ចសហការ ចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកថា សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងមានការ ចូលរួមផ្ទាល់ពីសំណាក់ បុគ្គលិកអប់រំសរុប ១៧៤៣០នាក់÷ អប្បមាទ៦០៦នាក់ ជំនួយការអប្បមាទ (គរុនិសិ្សត) ២៤០៥នាក់ អនុរក្ស១០៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ១១៨១នាក់ និងគណៈកម្មការកណ្តាល ២៤០៥ នាក់។

លោក រស់ សុវាចា ឲ្យដឹងទៀតថា ក្រសួងអប់រំ នឹងអនុវត្តន៍យ៉ាងមុឺងម៉ាត់បំផុតនៅបទបញ្ញត្តិដែលមានជាធរមាន។ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល ទទួល យក បាន។ ក្រសួងរំពឹងថា បេក្ខជនប្រឡង បុគ្គលិកអប់រំ អប្បមាទ ជំនួយការអប្បមាទ មាតាបិតា និងគ្រប់ភាគីពាក់ពន្ធ័ នឹងចូលរួមចំណែកក្នុងការ ធានាឲ្យដំណើរការ ប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់។

ក្រសួងអប់រំជឿជាក់ថា បេក្ខជននឹងបន្តអនុវត្តតាមប្រសាសន៍ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ថា “អ្នកចេះ គឺជាប់”។

ដោយឡែកទាក់ទងនឹងកងកម្លាំង ការពារសុវត្ថិភាពវិញ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការ នគរបាលជាតិបានប្រាប់ថា គ្រប់ស្នងការរាជធានី-ខេត្តទាំង២៥ គឺបានដាក់ត្រៀមពង្រាយកងកម្លាំង រក្សាសន្តិសុខសណ្តាប់ ធ្នាប់រួចរាល់ហើយដល់បេក្ខជន ប្រឡងនៅទូទាំងប្រទេស។

លោកបានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រលប់ថ្ងៃទី១៨ សីហាថា “បានត្រៀមពង្រាយកងកម្លាំងនៅតាម មណ្ឌលនានានៅទូទាំងប្រទេស រួចហើយ”។

ប៉ុន្តែទោះបីជាយ៉ាងណា លោកមិនអាចបញ្ជាក់កម្លាំងសរុប ទាំងអស់មានប៉ុន្មាននោះទេ។ ប៉ុន្តែលោកថា ផែនការបាន រៀបចំ ឡើងយ៉ាងត្រឹមត្រូវ ទាំងកម្លាំងដាក់នៅជុំវិញមណ្ឌលប្រឡង បើសិនមានការស្នើឲ្យមានកិច្ច អន្តរាគមន៍ពីគណៈកម្មការ ប្រឡងនឹងចេញទៅភ្លាមៗ។

ក្នុងនោះលោកថា ក៏បានដាក់ទាំងកម្លាំងជួយសម្រួល ចរាចរណ៍ផងដែរ និងមើលការខុសត្រូវចំពោះបេក្ខជនមកពីតំបន់ឆ្ងាយ ទាំងកន្លែងស្នាក់នៅ ដើម្បីការពារសុវត្ថិភាពពួកគេ។

ចំពោះការដឹកវិញ្ញាសា មុនការប្រឡង និងដឹកវិញ្ញាសាក្រោយការប្រឡង ព្រមទាំងក្នុងមណ្ឌលនៃកំណែសំណេរ ក៏កងកម្លាំងបានត្រៀមផែនការរួចជាស្រេចដែរ៕

Facebook Comments

To Top