នយោបាយ

អ្នកនាំពាក្យ៖ ក្រសួងអប់រំ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការ ប្រឡងនៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានត្រៀមខ្លួនមរួចជាស្រេច សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រលង ១៩ សីហា ២០១៩។ នេះជាការ លើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា។

លោកអ្នកនាំពាក្យបានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៨ សីហាថា ក្រសួងបន្តស្វាគមន៍ និងថ្លែង អំណរគុណចំពោះ កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ ដូច៥ឆ្នាំកន្លងមកដែរ។ កិច្ចសហការរួមគ្នានេះបង្ហាញពីស្មារតី សាមគ្គីគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងគុណភាពមូលធនមនុស្ស។

លោកថា ជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ គឺពឹងផ្នែកទៅលើកិច្ចសហការ ចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកថា សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងមានការ ចូលរួមផ្ទាល់ពីសំណាក់បុគ្គលិក អប់រំសរុប ១៧៤៣០នាក់÷ អប្បមាទ៦០៦នាក់ ជំនួយការអប្បមាទ (គរុនិសិ្សត) ២៤០៥នាក់ អនុរក្ស១០៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ១១៨១នាក់ និងគណៈកម្មការកណ្តាល ២៤០៥នាក់។

លោក រស់ សុវាចា ឲ្យដឹងទៀតថា ក្រសួងអប់រំ នឹងអនុវត្តន៍យ៉ាងមុឺងម៉ាត់បំផុត នៅបទបញ្ញត្តិដែលមានជាធរមាន។ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល ទទួល យក បាន។

ក្រសួងរំពឹងថា បេក្ខជនប្រឡង បុគ្គលិកអប់រំ អប្បមាទ ជំនួយការអប្បមាទ មាតាបិតា និងគ្រប់ភាគីពាក់ពន្ធ័ នឹងចូលរួម ចំណែកក្នុងការធានាឲ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់។

ក្រសួងអប់រំជឿជាក់ថា បេក្ខជននឹងបន្តអនុវត្តតាមប្រសាសន៍ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថា “អ្នកចេះ គឺជាប់”៕

Facebook Comments

To Top