Uncategorized

រដ្ឋមន្រ្តីអប់រំ រំលឹកបេក្ខជនប្រឡងបាក់ឌុប នៅថ្ងៃស្អែកគោរពបទបញ្ញត្តិ ឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ខណៈការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់ផ្ដើមនៅថ្ងៃស្អែកនេះ រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានក្រើនរំលឹកក៏ដូចជាអំពាវនាវ ទៅដល់បេក្ខជនប្រឡងទាំងអស់ ត្រូវគោរព តាមបទបញ្ញត្តិរបស់ក្រសួងឲ្យបានល្អ ដោយមិនត្រូវធ្វើផ្ទុយពីបទបញ្ញត្តិ របស់ក្រសួងឡើយ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ នៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៩ បានឲ្យដឹងថា “ដូច្នេះសារជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវទៅដល់ ប្អូនៗគោរពទៅតាមបទបញ្ញត្តិ របស់ក្រសួង”។

លោកក៏បានអំពាវនាវដល់គណៈមេប្រយោគ ក៏ដូចជាអនុរក្សទាំងអស់ត្រូវធ្វើការបំពេញ តាមវិជ្ជាជីវៈឲ្យបានល្អផងដែរ។ដើម្បីធានាឲ្យបានការប្រឡងបាក់ឌុបនេះ ដំណើរការបានយ៉ាងរលូន ប្រកបដោយភាពជោគជ័យ និងអាចរក្សាបាន សមិទ្ធផល ដែលក្រសួងសម្រេចបានប្រាំឆ្នាំកន្លងទៅ។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ដោយសារជាលទ្ធផលសិស្សបាន ខិតខំប្រឹងប្រែងរៀន ហើយគ្រូក៏ខំប្រឹងប្រែងបង្រៀន ធ្វើឲ្យគុណភាពអប់រំ ត្រូវបានពង្រឹងជាលំដាប់។

លោកថាកត្តាទាំងនេះ ហើយទើបធ្វើឲ្យសិស្សមានសមត្ថភាព កាន់តែខ្ពស់ឡើង។ ការបណ្ដុះបណ្ដាធនធាន មនុស្សគឺជា កត្តាមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុបចំនួន ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១២៧ មណ្ឌលមាន៤៧២៥ បន្ទប់។

ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤ នាក់ក្នុងនោះមាន ស្រីចំនួន៦០៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់៕

ដោយ:ធី លីថូ

Facebook Comments

To Top