នយោបាយ

ក្រុមលោក កឹម សុខា ថាជាយុទ្ធសាស្ត្រ ចាក់សាំង​លើភ្លើង​ ខណៈលោក សម រង្ស៊ី ប្រកាសជាថ្មី នឹងចូលស្រុក ថ្ងៃ៩វិច្ឆិកា

ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាថ្មីថា នឹងចូលមកស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ ប៉ុន្តែក្រុមអ្នកគាំទ្រលោក កឹម សុខា អះអាងថា ការប្រកាសនេះ ជាយុទ្ធសាស្រ្តចាក់សាំងលើភ្លើង ដើម្បីដុតខ្ទមលោក កឹម សុខា ប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មាន បានចេញផ្សាយនៅយប់ថ្ងៃទី១៦ សីហា ពីបរទេសមកថា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ បានសម្រេចយកថ្ងៃ៩ វិច្ឆិកា ចុងឆ្នាំនេះ ជាពេលវេលាឲ្យលោក សម រង្ស៊ីត្រឡប់មកស្រុកវិញ។

ប្រភពបានបញ្ជាក់ថា “ព្រោះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ គឺជាខួបទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជា ដណ្តើមបាន ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមការដឹកនាំ របស់សម្តេចព្រះនរោត្តម សីហនុ”។

យ៉ាងណាក្តីការប្រកាស កំណត់ថ្ងៃចូលស្រុកជាថ្មី ត្រូវបានក្រុមលោក កឹម សុខា រិះគន់ថា ជាយុទ្ធសាស្ត្រ ចាក់ប្រេងលើភ្លើងតែប៉ុណ្ណោះ។

លោក ឈុំ ឈឿន អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែល មាននិន្នាការគាំទ្រលោក កឹម សុខា បានលើកឡើង យ៉ាងដូច្នេះថា ជាយុទ្ធសាស្ត្រចាក់សាំងលើភ្លើង ដើម្បីអនុញ្ញាត ឲ្យរដ្ឋាភិបាល បន្ដឃុំខ្លួន លោកប្រធាន កឹម សុខា ទៀត ប៉ុណ្ណោះ។

លោកបន្តថា កាលពីកំឡុងខែកុម្ភៈ កន្លងមក លោក សម រង្ស៉ី បានយកសេរីភាព លោក កឹម សុខា មកភ្នាល់ជាមួយ សម្តេចនាយករដ្ឋមន្ត្រី ម្ដងរួចមកហើយ។ ក្នុងខែមិថុនាដោយដឹងថា គណៈប្រតិភូសហគមន៍អឺរ៉ុប ចុះមកតាមដាន និងវាយតម្លៃ លើស្ថានការណ៍នយោបាយ ជាពិសេស EBA បែរជាលោក សម រង្ស៉ី ប្រកាសហូបនំបញ្ចុក បង្វែរការចាប់អារម្មណ៍។

លោកថា “នៅថ្ងៃទី១៦ សីហា បានចេញសេចក្ដីថ្លែងការណ៍ ស្កាត់មុនដោយដឹងថា នឹងមានការដោះលែងលោក កឹម សុខា ដោយផ្នែកណាមួយនោះ នៅក្នុងខែតុលា ពីព្រោះនៅកំឡុងពេលហ្នឹង សហគមន៍អឺរ៉ុប គេនឹងពិចារណាថា គួរផ្ដាច់ ឬមិនផ្ដាច់ប្រព័ន្ធអនុគ្រោះ EBA ” ។

លោកបញ្ជាក់ថា” ជាទស្សនរបស់ខ្ញុំ លោក សម រង្ស៉ី គ្មានចេតនាវិលចូលស្រុកឡើយ បើគ្មានការសម្របសម្រួល ឬបើកភ្លើងខៀវពីបក្សកាន់អំណាច។ មួយវិញទៀតបើ និយាយតាមន័យសឹកវិញ គេមិនដែលប្រកាសការសម្ងាត់ ជាសាធារណៈបែបនេះឡើយ មិនដឹងថាគាត់ និងក្រុមគាត់ ទៅរៀនយុទ្ធសាស្ត្រមកពីណាទេ ស្រែកថាការងារ នេះសម្ងាត់ តែប្រកាសជាសាធារណៈ”។

ចំណែកលោក អន្ទ ដាយ៉ាត មន្ត្រីជាន់ខ្ពស់គណ បក្សប្រជាជនកម្ពុជា បានសរសេរលើបណ្តាញសង្គម យ៉ាងដូច្នេះថា ទណ្ឌិត សម រង្ស៊ី មិនល្ងង់ចំណាយ ពេលជិះយន្តហោះចម្ងាយ ៩៩៣៤ គីឡូម៉ែត្រគ្រាន់ តែដើម្បីមកចូលគុកនោះទេ៕

Facebook Comments

To Top