នយោបាយ

លោក លូ គឹមឈុន ស្វាគមន៍គម្រោងវិនិយោគរបស់ចិន លើប្រព័ន្ធឡូជីស្ទីក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានប្រកាស ស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគលើប្រព័ន្ធឡូជីស្ទីក នៅខេត្តព្រះសីហនុ ជាពិសេស នៅក្នុងកំពង់ផែ ព្រះសីហនុតែម្ដង។

ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនចិន ក្រោមការសម្របសម្រួលពី លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាសហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៩នេះ លោក លូ គឹមឈុនប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានលើក ឡើងថាកំពង់ផែព្រះសីហនុ បច្ចុប្បន្នកំពុងមមាញឹកខ្លាំង លើការចរាចរទំនិញដែលទាមទារឲ្យមាន ការវិនិយោគ និង ពង្រីកបន្ថែម ដូច្នេះដើម្បីបំពេញតម្រូវការផ្នែកដឹកជញ្ជូន លោកស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលគ្រោងវិនិយោគ លើប្រព័ន្ធឡូជីស្ទីក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដោយសង្កេតឃើញការដឹកជញ្ជូន មមាញឹកខ្លាំងហើយផ្លូវមួយចំនួន ក្នុងក្រុងព្រះសីហនុ កំពុងរងការខូចខាតដោយជំនន់ ទឹកភ្លៀងដែលធ្វើឲ្យការដឹកជញ្ជូន មានភាពយឺតយ៉ាវ លោក លូ គឹមឈុន ក៏បានស្នើឲ្យភាគីចិន ជួយកសាងផ្លូវថ្នល់ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលរងការខូចខាតផងដែរ។

លោក លូ គឹមឈុន ក៏បានលើកឡើងបន្ថែមថា ការមកវិនិយោគរបស់ក្រុមហ៊ុនចិន នាពេលនេះមិនទាន់ហួសពេលនោះទេ ពោលគឺចំពេលដែលកម្ពុជា កំពុងត្រូវការអ្នកវិនិយោគចិន ដើម្បីអភិវឌ្ឍប្រទេសជាតិ។

ក្រោយសង្កេតឃើញ ខេត្តព្រះសីហនុពោរពេញទៅដោយសក្ដានុពល ស្ទើរគ្រប់វិស័យលោក ជាវ ជីងហ្វឹង(Jiao Jinfeng) ប្រធានក្រុមហ៊ុន ខេមបូឌាឡូជីស្ទីក និងជាតំណាងប្រតិភូក្រុមហ៊ុនចិន បានបង្ហាញឆន្ទៈជួយអភិវឌ្ឍ ប្រទេសកម្ពុជា ជាពិសេស ក្នុងខេត្តព្រះសីហនុតែម្ដង តាមរយៈការវិនិយោគលើប្រព័ន្ធឡូជីស្ទីក នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការចរាចរទំនិញ។

លោក ជាវ ជីងហ្វឹង ប្រធានប្រតិភូក្រុមហ៊ុនចិន ក៏បានលើកឡើងបន្តថា ដោយសារតែទីផ្សារដឹកទំនិញអន្តរជាតិ បច្ចុប្បន្ន មានសភាពយឺតយ៉ាវ ហើយការដឹកជញ្ជូនត្រូវបានផ្សារភ្ជាប់ យ៉ាងជិតស្និទជាមួយហិរញ្ញវត្ថុ ដើម្បីចៀសវាង ហានិភ័យ ហិរញ្ញវត្ថុនេះក្រុមហ៊ុន ខេមបូឌាឡូជីស្ទីក មិនត្រឹមតែចូលរួមក្នុងអាជីវកម្ម លើការដឹកជញ្ជូននោះទេ ថែមទាំងពង្រឹង ទំនាក់ទំនងយ៉ាងជិតស្និទ ជាមួយម្ចាស់នាវាធំៗតាមរយៈអាជីវកម្ម ដឹកជញ្ជូនតាមនាវាធុនធំផងដែរ។

ក្នុងនាមសហប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានថ្លែងអំណរគុណដល់លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដែលបានអនុញ្ញាតឲ្យរូបលោក ចូលរួមចំណែកសម្របសម្រួល កិច្ចពិភាក្សាការងារខាងលើ ដើម្បីជាផលប្រយោជន៍ ប្រជាជាតិខ្មែរទាំងមូល៕

Facebook Comments

To Top