នយោបាយ

កម្ពុជា-វៀតណាម​ នឹងរៀបចំកិច្ចប្រជុំ គណៈកម្មការចម្រុះ លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស​ ២ថ្ងៃ​ នៅភ្នំពេញ

ភ្នំពេញ៖​ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ជាម បិញមិញ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការបរទេសវៀតណាម នឹងដឹកនាំគណៈប្រតិភូ មកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើជាសហប្រធានជាមួយលោក​ ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេសពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេសខ្មែរ​ នៅថ្ងៃទី១៦​ សីហានេះបានឱ្យដឹងថា​ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនានា។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោក​ ជាម ចិញមិញ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧នេះ នឹងជួយលើកកម្ពស់ថែមទៀតនូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ក៏ដូចជា
រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក​ ៕

Facebook Comments

To Top