ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ដឹកនាំកំលាំងចុះជួយស្ទូងស្រូវ និងចែកគ្រាប់ពូជកសិផល ជូនប្រជាសហគមន៍កសិកម្ម

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជាច្រើនរូប ចុះជួយស្រូវផលិតពូជ លក់របស់សហគមន៍ កសិកម្មអង្គសាលា ស្ថិតនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសហគមន៍នេះ ទូទាំងខេត្តមាន ៣៦សហគមន៍ កំពុងស្ទូងផលិតពូជ លក់លើផ្ទៃដី ១០០ហិចតា។

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តស្វាយរៀងបានថ្លែងឲ្យដឹងថា គោលបំណងនៃការចុះជួយស្ទួង ស្រូវស្ទូងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញប្រាប់ថា រដូវបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៩ ចាប់ផ្ដើមហើយ និងជំរុញឱ្យបងប្អូនប្រជាកសិករ នៅទូទាំងខេត្តរួសរាន់សាបព្រោះ ដកស្ទូង ស្រូវឱ្យបានទាន់ពេលវេលា ជាពិសេសដើម្បីជួយ កាត់បន្ថយនូវការលំបាក និងការចំណាយផ្សេងៗ របស់ប្រជាកសិករ។

ភ្ជាប់ជាមួយនឹងការចុះជួយស្ទូងស្រូវ ជូនប្រជាពលរដ្ឋនេះដែរលោកអភិបាលខេត្ត បានបើកម៉ាស៊ិនស្ទូងស្រូវដែល ជាផលិតផលរបស់ប្រទេសជប៉ុន និងបានចែកពូជដំណាំ រួមផ្សំដែលងាយដាំដុះ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ក្នុងរយៈពេលខ្លី ជូនដល់ប្រជាសហគមន៍ នាពេលនោះផងដែរ។

កម្មវិធីនេះ ក៏មានរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ មន្ត្រីរាជការជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជន កម្ពុជាស្រុកស្វាយជ្រំ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ៕

Facebook Comments

To Top