នយោបាយ

លោកសុខ ឥសាន៖ សម រង្ស៊ី ភូតដដែលជាដដែល រឿងចូលស្រុក តែមិនហ៊ានមកទេ

ភ្នំពេញ ៖ ជាថ្មីម្តងទៀត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា លោកសម រង្ស៊ី បានកំពុងភ័យនិងរវើររវាយ ទើបនិយាយសន្យា លើកពេលរហូតចូលស្រុកវិញ។

ការបញ្ជាក់របស់អ្នកនាំពាក្យ គណបក្សកាន់អំណាច នេះបន្ទាប់លោក សម រង្ស៊ី បានប្រកាសមិនប្រាកដប្រជា ក្នុងការសម្រេចចូលស្រុកវិញ។

យ៉ាងណាក្តី លោក សុខ ឥសាន បានចំអកទៅលោកសម រង្ស៊ី នៅថ្ងៃទី១៥សីហា យ៉ាងដូច្នេះថា «ការមិនប្រាប់ពេល វេលាជាក់លាក់ក្នុងការចូលស្រុក ដើម្បីទុកឲ្យម្តេច ហ៊ុន សែន ដេកភ័យនោះ មិនដែលមានអ្នក កំពុងកាន់អំណាចក្នុងដៃ ដេកភ័យខ្លាចអ្នករត់ចោលស្រុកទេ ។ ផ្ទុយទៅវិញ មានតែអ្នករត់ចោលស្រុកទេ ដែលដេកភ័យ មិនហ៊ាចូលមកក្នុងស្រុក ភូតកុហក និងបោកប្រាស់រហូត»។

លោកបន្តថា សារនយោបាយរបស់ទណ្ឌិ សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ គឺជារឿងបោកប្រាស់ដដែលៗ ដែលគ្មានឥទ្ធិពលអ្វី ដល់ប្រជាជនកម្ពុជា ក្នុងស្រុកឡើយ។ ពេលមុនទណ្ឌិត រត់ចោលស្រុក ឈប់និយាយក្នុងខែកញ្ញា តែពេលនេះ ទណ្ឌិតមេឧទ្ទាម បានប្រើពាក្យដាច់ឆ្នាំ២០១៩ទៀត ហើយដែលពាក្យនេះ គឺបោកមហាបោកសុទ្ធសាធ ។

អ្នកនាំពាក្យដដែល បានហៅយុទ្ធសាស្ត្រថ្មី របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ គឺអត់ហ៊ានចូលស្រុក ដោយសារខ្លាចជាប់គុក ។ មិនប្រាប់ពេលវេលាជាក់លាក់ ពីការចូលស្រុក គឺគ្រាន់តែជាក្បួនភូតបន្តប៉ុណ្ណោះ ដោយសារខ្លួនឯង កំពុងច្របូកច្របល់ មិនហ៊ានចូលស្រុក ។

ជិតដល់ថ្ងៃសន្យាចូលស្រុក របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ មជ្ឈដ្ឋានប្រឆាំងគ្រប់ផ្នែក បានខិតខំលាងការភូតកុហក់ របស់មេឧទ្ទាម ដែលមិនហ៊ានចូលស្រុក ។

លោកបញ្ជាក់ថា«ឃ្លោកលិច អំបែងអណ្តែត ក្នុងការធ្វើនយោបាយ ទណ្ឌិតរត់ចោលស្រុក ដែលជាកូនជនក្បត់ជាតិ មានត្រកូលជាអភិជន រៀនបានសញ្ញាបត្រខ្ពស់ នៅស្រុកបារាំង បែរជាធ្វើនយោបាយជាង២៥ឆ្នាំហើយ ចាញ់អស់ខោអស់អាវ រត់ចោលស្រុក។ ចំណែកសម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករក្រីក្រ រៀនបានត្រឹមមធ្យមសិក្សា បែរជាធ្វើនយោបាយ បានជ័យជំនះបន្តបន្ទាប់ បានឡើងធ្វើជាមេដឹកនាំប្រទេស រាប់ទសវត្សរ៍ នៅតែត្រូវបានប្រជាជនកម្ពុជា គាំទ្រតទៅទៀត៕

Facebook Comments

To Top