ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា ប្រាប់ឲ្យពលរដ្ឋ ចូលរួមសំអាត ទីក្រុងទាំងអស់គ្នា ដើម្បីរក្សាតំណែងរំដួល ៣ទង

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងប្រាប់ប្រជា ពលរដ្ឋ សូមឲ្យរួមគ្នាជួយថែរក្សាអនាម័យទីក្រុង ដើម្បីរក្សាតំណែងរំដួល ៣ទង ជាចំណាត់ថ្នាក់របស់ខេត្តកំពង់ចាម ដែលបានទទួល នាពេលកន្លងមក ។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីដាំដើមក្ងោក ប្រមាណជា ៣០០ដើម នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋ ត្រូវរួមគ្នាជាមួយនឹងអាជ្ញាធរ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដូចជាការធ្វើដំណើរ អំពើចោរកម្ម ឬបទល្មើសគ្រឿងញៀន ជាដើម ពោល ថ្វីដ្បិតតែការងារនេះ ជាភារកិច្ចរបស់សមត្ថកិច្ច ក៏ប៉ុន្តែបើគ្មានប្រជាពល រដ្ឋចូលរួមទេ ក៏មិនអាចទទួលបានជោគ ជ័យដែរ ។

ជាមួយគ្នានេះ បញ្ហាអនាម័យ ប្រជាពល រដ្ឋត្រូវតែចូលរួមសំអាតផ្ទះសំបែង និងជួយសម្អាតតាមរមណីយដ្ឋាន ឬតាមផ្លូវសាធារណៈ ឲ្យបានល្អប្រសើរ បើមិនដូច្នោះទេ អាចនឹងធ្វើឱ្យមានបរិស្ថានមិន ល្អ បង្កឲ្យប៉ះពាល់ដល់សុខភាព និងបង្កឲ្យ ខូចសោភ័ណភាពទីក្រុងរបស់យើងផងដែរ ។

តាមលោកអភិបាលខេត្ត អាជ្ញាធរខេត្តបាន និងកំពុងខិតខំ រៀបចំប្រព័ន្ធលូ នៅតាមដងផ្លូវនានា ក្នុងក្រុងកំពង់ចាម ដើម្បីរំដោះទឹកកខ្វក់ ចេញពីទីក្រុង ជួយសម្រួល ដល់ការរស់នៅរបស់បងប្អូនប្រជាពល រដ្ឋឲ្យមានភាពសុខសាន្ត និងប្រកបដោយផាសុខភាពផងដែរ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធសោភ័ណ ភាពទីក្រុងឲ្យបានស្រស់ស្អាត វាអាស្រ័យទៅលើការចូលរួម ពីសំណាក់បងប្អូនប្រជា ពលរដ្ឋយ៉ាងសំខាន់ ។ ដែលក្នុងនោះគឺយើងត្រូវការប្រើពេលវេលា និងការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋ ផ្លាស់ប្ដូរឥរិយាបថ អនុវត្តកិច្ចការ ឲ្យស្របទៅនឹងគោល នយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ។

សូមបញ្ជាក់ផងដែរថា ពិធីដាំដើមក្ងោកនេះ ខាងអាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីរដ្ឋបាលព្រៃឈើ បានរៀបចំកូនដើមក្ងោក ប្រមាណជាជិត ៣០០ដើម ដែលត្រូវដាក់ដាំ ចាប់ពីរង្វង់មូលនាងគង្ហីង រហូតដល់ស្ពានព្រែកជីក ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម៕

Facebook Comments

To Top