អន្តរជាតិ

ជំងឺផ្តាសាយបក្សី កំពុងរាលដាលដល់ តំបន់ផ្សេងទៀត នៅប្រទេសវៀតណាម

ហូជីមិញ៖ ទីភ្នាក់ងារសារព័ត៌មាន វៀតណាមបានរាយការណ៍ កាលពីថ្ងៃពុធថា ទីក្រុង Can Tho ដែលស្ថិតនៅភាគខាងត្បូង របស់ប្រទេសវៀតណាម បានរកឃើញការផ្ទុះឡើង នូវជំងឺផ្តាសាយបក្សីប្រភេទ A / H5N1 ជាលើកដំបូង ដែលបានបណ្តាលឱ្យសត្វមាន់ចំនួន ១.៥០០ ក្បាល ត្រូវបានគេសម្លាប់ចោល។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ការផ្ទុះជំងឺនេះត្រូវបានគេប្រទះឃើញនៅក្នុងស្រុក ប៊ិញធុយ ដោយមានសត្វមាន់ចំនួន ៩៥៥ ក្បាល ចិញ្ចឹមដោយគ្រួសារមួយ កំពុងងាប់។ ការធ្វើតេស្តបញ្ជាក់ ថាហ្វូងសត្វមាន់ទាំងនោះ បានឆ្លងវីរុសផ្តាសាយបក្សី និងបានបង្ខំឱ្យភ្នាក់ងារក្នុងតំបន់ពាក់ព័ន្ធ សម្លាប់សត្វមាន់ចំនួន ៥៤៥ ក្បាលទៀត។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានផ្សាយដោយផ្អែក តាមរបាយការណ៍ពីមន្ទីរបសុព្យាបាល និងសុខភាពសត្វ ថា សត្វមាន់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស H5N1 កាលពីខែមិថុនា។

កាលពីចុងខែកក្កដា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ការផ្ទុះជំងឺផ្តាសាយបក្សី A / H5N6 និង A / H5N1 ត្រូវបានគេរាយការណ៍នៅក្នុងឃុំចំនួន ១៣ នៃមូលដ្ឋានចំនួន ១១ ចាប់តាំងពីដើមឆ្នាំ ២០១៩ ដែលបណ្តាលឱ្យមានសត្វបក្សីសរុបជាង ២៣.០០០ក្បាល ត្រូវបានគេសម្លាប់ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top