ព័ត៌មានជាតិ

ការងារមិនរកធ្វើ បែរមកធ្វើចោរ ត្រូវអស់ល័ក្ខ

បន្ទាយមានជ័យ: យុវជនម្នាក់រូបរាងស្អាតបាត មិនប្រឹងរកការងារ ធ្វើបែកគំនិត ចេញពីក្រុងភ្នំពេញ មកនៅស្នាក់ នៅក្រុងប៉ោយប៉ែត ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ស្ត្រីម្នាក់ តែអស់លក្ខណ៍ត្រូវ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបាន នៅវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចទល់មុខកន្លែងលក់រថយន្ត ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ និងវត្ថុតាង ត្រូបានបញ្ជូនទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ថា បើតាមការអះអាងរបស់ជនរងគ្រោះឈ្មោះ ពឿយ ស្រីកែវ ភេទ ស្រី អាយុ ១៨ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថានៅយប់កើតហេតុ ខ្លួនបានជិះម៉ូតូតាមបណ្តោយផ្លូវលំម្តុំស្តង់តាងួន លុះជិះដល់ចំណុច កន្លែងលក់រថយន្ត ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ តាមពីក្រោយស្របទិសគ្នា ពេលជិះមកក្បែរក៏លូកដៃ មកឆក់យកទូរស័ព្ទពីក្នុងហោប៉ៅក្រោយរបស់ខ្លួន ហើយក៏ជិះរត់គេចទៅពេលនោះខ្លួនបានស្រែកឆោរឡោឲ្យគេជួយ មួយសន្ទុះក្រោយមកក៏ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបានភ្លាមៗ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះទីន ប៊ុនថៃ ភេទ ប្រុស អាយុ ២៣ឆ្នាំរស់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមជាមួយ និងម៉ូតូ ១គ្រឿង ម៉ាក Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ដែលជនសង្ស័យប្រើប្រាស់ ជាមធ្យោបាយសម្រាប់ឆក់ទូរស័ព្ទតាមដងផ្លូវ។ក្នុងនោះជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ស្ត្រីនោះពិតប្រាកដមែននេះ ជាលើកចុងក្រោយហើយផ្អែកលើ ចម្លើយសារភាពរបស់ជនសង្ស័យឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើស យ៉ាងជាក់លាក់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួចទូរស័ព្ទកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ចំណែកទូរស័ព្ទកម្លាំងជំនាញ បានធ្វើការប្រគល់ជូនដល់ជនរងគ្រោះវិញ៕ ដោយ ប៊ុន វាសនា

Facebook Comments

To Top