ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីជប៉ុនប្រកាសបន្តគាំទ្រ ដល់ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា

ភ្នំពេញ៖ លោក កេត សោផាន់ អ្នកនាំពាក្យ ក្រសួង ការបរទេស បាន ឲ្យដឹងថាលោក ស៊ិន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបន្តគាំទ្រ ដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសលេី ដំណើរការប្រជាធិបតេយ្យ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន ចប់អាណត្តិប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៤ សីហានេះលោក កេត សោផាន់ អ្នកនាំពាក្យ ក្រសួង ការបរទេស បាន ឲ្យដឹងថា ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដោយសារតែសមិទ្ធផលជាច្រើន ដែលសម្រេចបានក្នុងអាណត្តិបំពេញបេសកកម្ម រយៈពេល ៣ឆ្នាំនេះហើយ ទើបលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទទួលបានមេដាយចំនួន ៣ ដែលមិនងាយមាន ឯកអគ្គរដ្ឋប្រទេសណាមួយ ទទួលបាននោះទេ ។

អ្នកនាំពាក្យបញ្ជាក់ថា “លោកឯកអគ្គរដ្ឋទូតជប៉ុន ក៏បានកត់សម្គាល់ដែរថា រយៈពេល ៣ឆ្នាំកន្លងមកនេះ គឺកម្ពុជាបន្តរីកចម្រើន មានស្ថេរភាព និងការអភិវឌ្ឍន៍ ។ ចំពោះជប៉ុន ក៏បានបន្តជួយគាំទ្រ នៅលើវិថីនៃប្រជាធិបតេយ្យ មានន័យថា ជាដំណើរប្រជាធិបតេយ្យ ភាវូបនីយកម្មនៅកម្ពុជា ហើយជប៉ុនតាមរយៈ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិន ហ្សូអាបេ ក៏បានប្រកាសថា នឹងបន្តគាំទ្រដំណើរប្រជាធិបតេយ្យនៅកម្ពុជា”

ពាក់ព័ន្ធបញ្ហា EBA លោក កេត សោផាន់ ថ្លែងថា កម្ពុជា បានបន្តសម្របសម្រួល ទទួលតំណាងបេសកកម្មសហភាពអឺរ៉ុបគ្រប់ពេល នៅកម្ពុជា ជាពិសេសនៅតែបន្តសហការ ជាមួយអឺរ៉ុប ។ លោកថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្រសួងការបរទេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនរបាយការណ៍របស់រដ្ឋាភិបាល ដែលជាការឆ្លើយតបទៅនឹងឯកសារមួយ របស់សហគមន៍អឺរ៉ុប ដែលហៅថា Note to the file មានកំរាស់ ៣០ទំព័រ ។

លោកបន្ថែមថា របាយការណ៍កម្ពុជា ដែលបានផ្ញើទៅសហគមន៍អឺរ៉ុប គឺឆ្លើយតបរាល់ចំណុចលំអិត នៅក្នុងឯកសារ Note to the file នោះ ជាពិសេសឆ្លើយតបនូវលទ្ធផល ដែលកម្ពុជាអនុវត្តន៍បាន នៅក្នុងដំណើរការពង្រឹងលំហប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្ស នៅកម្ពុជា ៕ដោយ៖ ខា ដា

Facebook Comments

To Top