ព័ត៌មានជាតិ

មិនគួរឲ្យជឿ! ស្រ្ដីម្នាក់បានសម្រាលកូន ក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យ

សិង្ហបុរី៖ បទពិសោធន៍មិនបានរំពឹងទុកមួយ បានកើតឡើងជាមួយការជិះរថយន្ត Grab ដោយស្រ្តីជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយរូប បានសម្រាលកូនដោយសុវត្តិភាព ក្នុងរថយន្ត Grab នៅតាមផ្លូវទៅ មន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន The Straits Times របស់សិង្ហបុរី ។

យោងតាមប្រភពដដែល កាលពីល្ងាចថ្ងៃពុធសប្ដាហ៍មុនអ្នកស្រី Nur Syazwani Muhammad Rosdi ដែលមានអាយុ ២៥ឆ្នាំ មានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នក ស្រីបានរើបម្រះ និងឈឺពោះខ្លាំង ដែលជាសញ្ញាបង្ហាញអ្នកស្រី នឹងត្រូវសម្រាលក្នុងពេលឆាប់ៗ ។ អ្នកស្រី និងស្វាមីដែលរស់នៅតំបន់ Canberra ក៏បានកក់រថយន្ត Grab ដើម្បីដឹកពួកគាត់ទៅមន្ទីរពេទ្យ Thomson Medical Centre ភ្លាមៗប៉ុន្តែបន្ទាប់ពីធ្វើដំណើរបាន ១០នាទី ទឹកភ្លោះរបស់អ្នកស្រី Syazwani ក៏បានបែក។

អ្នកស្រី Syazwani បានសរសេលើកទំព័រ Facebook របស់ខ្លួនថា៖ « ខ្ញុំបានព្យាយាមគ្រប់គ្រងរាងកាយរបស់ខ្ញុំ ការកន្ត្រាក់ និងរាល់ការឈឺចាប់ផ្សេងទៀតដែលបានកើតឡើង។ បន្ទាប់មករាងកាយរបស់ខ្ញុំ បានសម្រេចចិត្តសម្រាលតែម្ដងទៅ…ខ្ញុំមិនអាចទ្រាំបានឡើយ និងបង្ខំចិត្តបោះបង់ការខ្មាស់អៀន ព្រោះ រាងកាយរបស់ខ្ញុំបានប្រាប់ឲ្យរុញទារកចេញហើយខ្ញុំក៏ធ្វើបានសម្រេចតែម្តង »។

លោក Kamarulnizam ជាស្វាមីរបស់អ្នកស្រី Syazwani បាននិយាយថា ការសម្រាលកូននេះ បានចំណាយពេលអស់ ១០នាទី ដែលលឿនណាស់ បើប្រៀបធៀបទៅកូនពីរដំបូងរបស់លោក។ លោកបានមានប្រសសាន៍ថា៖ «ដៃម្ខាងខ្ញុំកាន់កូនស្រីខ្ញុំ ហើយដៃម្ខាងទៀតខ្ញុំកាន់សុករបស់ប្រពន្ធខ្ញុំ»។

អ្នកស្រី និងស្វាមីបានមកដល់មន្ទីរពេទ្យ បន្ទាប់ពីបានចំណាយពេល ៣០នាទី ក្នុងការធ្វើដំណើរក្នុងរថយន្ត Grab ហើយអភ័យទោសដែលធ្វើឲ្យប្រឡាក់នៅ ក្នុងឡានរបស់អ្នកបើកបរ ហើយរំខានដល់អាជីវកម្មរបស់អ្នកបើកបររូបនោះ។

លោក Kamarulnizam បាននិយាយថា ក្រៅពីថ្លៃការធ្វើដំណើរជាមួយ Grab ចំនួន ១៥ ដុល្លារសិង្ហបុរី និងប្រាក់លើកទឹកចិត្ត (លុយធីប) ៨ដុល្លារសិង្ហបុរី ដែលជាចំនួនអតិបរមាដែលពួកគេអាច ផ្តល់ឲ្យដល់អ្នកបើកបរពួកគេបានបង់សំណងចំនួន ២២០ដុល្លារសិង្ហបុរីដល់ម្ចាស់ឡាន។ សូមបញ្ចាក់ថា នេះជាលើកទី៤ហើយដែលទារកបានកើតនៅក្នុងរថយន្ត Grab៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top