ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃប្ដេជ្ញា លុបបំបាត់អំពើ ជួញដូរមនុស្យនៅ កម្ពុជា (វីដេអូ)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្ត ធ្វើសកម្មភាពរួមគ្នា ដើម្បីឲ្យយល់ដឹង អំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើស និងនាំគ្នាលុបបំបាត់ ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីប្រទេសកម្ពុជា។

ក្នុងវេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា ជនល្មើសបានប្រព្រឹត្តទៅលើ ជនរងគ្រោះជាមនុស្សគ្រប់វ័យ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្ស បាត់បង់សេចក្តីសុខ ក្នុងគ្រួសារ ខូចខាតដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិត រៀងរាល់ថ្ងៃ យ៉ាងអណោចអធម។

សម្ដេចមានប្រសាសន៍ថា “យើងទាំងអស់គ្នាប្ដេជ្ញាចិត្តធ្វើសកម្មភាពរួមគ្នា និងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិកគ្រប់និកាយ សាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យយល់ដឹង អំពីអំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើស និងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីកម្ពុជា”។

សម្ដេចបន្ដថា ជំនឿសាសនា គឺជាឱសថដែលព្យាបាលជំផ្លូវចិត្ត ជាមាគ៌ាតម្រង់ផ្លូវឲ្យមនុស្សដើរទៅតាមផ្លូវសុចរឹត ជាច្បាប់កម្រិតឲ្យមនុស្សជៀសវាងនូវកំហុសក្នុងការកសាងបាបកម្ម និងឧក្រិដ្ឋកម្មនានា ឲ្យមនុស្សចេះរស់នៅមានភាព សុខដុមរមនា ក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគោរពគ្នាទៅវិញទៅមក មានន័យថា “សាសនា គឺជាប្រភពនៃសេចក្តីសុខ” របស់មនុស្ស។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ មានជំនឿយ៉ាងមុតមាំថា តាមរយៈ វេទិកាអន្តរសាសនាថ្នាក់ជាតិលើកទី៣ នឹងជួយរួមចំណែកដល់សកម្មភាពបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈានទៅបញ្ចប់ទាសភាពសម័យទំនើបយ៉ាងពិតប្រាកដ។

ចំណែក លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង ធម្មការ និងសាសនា បានលើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវប្រឆាំងដាច់ខាតអំពើជួញដូរ កេងប្រវ័ញ្ចគ្រប់រូបភាព លើមនុស្ស និងបញ្ចប់ឲ្យបាននូវទាសភាពសម័យទំនើបដ៏អមនុស្សធម៌នេះ ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅក្នុងពិភពលោក។

សូមរំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ ក្រុមសមត្ថកិច្ចចំរុះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ទាំង១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទបបាន៧៨ករណី និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៩៧ ក្នុងនោះស្រី២២នាក់ អនីតិជន៩នាក់ ជនបរទេស១៤នាក់ដែល មានជនជាតិចិន១២នាក់ និងអាមេរិក២នាក់៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top