ព័ត៌មានជាតិ

ទស្សនៈ និងមតិ៖ គួរតែមានការព្រមាន ដកប័ណ្ណបើកបរ ដល់អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារគ្រឿងស្រវឹង

ភ្នំពេញ៖ មច្ចុរាជតាមដងផ្លូវ ដែលបានឆក់យកអាយុជីវិតមនុស្ស ជាច្រើននាក់ ដោយគិតត្រឹមរយៈពេល ៦ខែ ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស សរុបចំនួន ១ ០៣៣នាក់ កើតឡើង ពីកត្តាជាច្រើន នៅក្នុងនោះ ក៏ត្រូវបានគេកំណត់សម្គាល់ នូវកត្តាមួយ ដែលតែងតែបានបង្កឡើង នូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលរាត្រី នោះគឺការបើកបរ ដោយផ្ទុកនូវសារធាតុស្រវឹង ដែលបានបង្កឲ្យមាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គ្រប់រូបភាព មានទាំងកម្រិតស្រាល រហូតទៅដល់ធ្ងន់ធ្ងរ មិនរំលោះមួយរាត្រីណាឡើយ ។

ដោយអាស្រ័យហេតុផល កើតឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបុគ្គលមួយចំនួន ត្រូវបានគេមើលឃើញថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលរាត្រី ដោយស្ថិតក្នុងស្ថានភាពស្រវឹង (មានត្រឹមកម្រិតតិចតួច និងស្ថានភាពជោគជាំ) ស្ទើតែកើតឡើងរាល់រាត្រី ។ បើទោះជាមិនបានបង្ក នូវគ្រោះថ្នាក់អ្វីមួយ ក៏ដោយក្តី តែគេក៏បានគត់សម្គាល់ឃើញថា គ្រប់បុគ្គលអ្នកមានរថយន្ត មិនថារថយន្តទំនើប ឬរថយន្តមិនទំនើប បានបើកបរ ក្នុងល្បឿនលឿន បង្កទៅជាការ ភ័យខ្លាច ទៅដល់ប្រជាពលរដ្ឋជាច្រើន ដែលប្រើប្រាស់មធ្យោបាយ ដោយម៉ូតូ ឬកង់ និងថ្មើរជើង នាពេលរាត្រីផងដែរ ។ ទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលត្រូវប្រកបរបររកស៊ី ឬមានការចាំបាច់ ធ្វើដំណើរក្នុងពេលរាត្រី មានការព្រួយបារម្ភជាខ្លាំង រហូតមានប្រជាពលរដ្ឋខ្លះ ស៊ូទ្រាំមិនធ្វើដំណើរពេលរាត្រី ព្រោះតែកត្តាទាំងនេះ ។

ផ្អែកតាមការលើកឡើងខាងលើត្រូវបាន លោក ឃាង ពុទ្ធី ដែលជាប្រជាពលរដ្ឋមួយរូប ធ្លាប់ទទួលបាន ការសិក្សាខ្ពង់ខ្ពស់ ព្រមទាំងធ្លាប់មានបទពិសោធន៍ ការរស់នៅនៅក្រៅប្រទេសផងនោះ បានលើកឡើង ជាទស្សនទានមួយចំនួនថា “គួរមានច្បាប់ ដកប័ណ្ណបើកបរ ពីប្រជាជនស្រវឹងស្រា ហើយនៅតែបើកបរ ដើម្បីការពារគ្រោះថ្នាក់ អាយុជីវិតប្រជាជន ។ ប្រជាជនស្រវឹងបើកបរ មានគ្រោះថ្នាក់ចរាចរណ៍ សឹងតែរៀងរាល់យប់ ប្រជាជនធ្វើដំណើរដោយទោចក្រយានយន្ត កង់ ម៉ូតូ ភ័យលស់ព្រឹលឹង គ្រប់ពេលវេលា ។ ស្រវឹងហើយនៅតែបើកបរ ជាឃាតកម្មដោយអចេតនា” ។

លោកក៏បានលើកឡើង នូវបទពិសោធន៍ ដែលលោកធ្លាប់សិក្សានៅប្រទេសផ្សេងៗ ថា “នេះជាសុវត្ថិភាពយើងទាំងអស់គ្នា បើសិនសង្គមយើងល្អ ប្រទេសយើងយប់ឡើង អត់មានអ្នកស្រវឹង ជិះឡានល្បឿនលឿន បង្កគ្រោះថ្នាក់ចរាចរណ៍ ទេសចរណ៍ក៏មានដែរ យើងមើលយប់ឡើង ទេសចរណ៍ អត់ហ៊ានចេញញាំអី ឬដើរតាមផ្លូវអីនោះទេ យើងមើលទៅប្រទេសគេមួយចំនួន យប់ឡើងគេដើរដល់ម៉ោង ១០ ទៅ១២ គេនៅដើរលេង គេនៅញាំអី គេនៅរីករាយ ក្នុងជីវិតពេលរាត្រី នេះគឺជាដំណើរការ នៃសេដ្ឋកិច្ចមួយផ្នែក បានន័យថា សេដ្ឋកិច្ចប្រទេសគេ ដើរ១៨ម៉ោង ហើយសេដ្ឋកិច្ចយើង (ប្រទេសកម្ពុជា) ដើរតែ១២ម៉ោងទេ ។ យើងអាចគិតមើលបានថា តើចំណូលសេដ្ឋកិច្ចយើង រីកចម្រើនបានកម្រិតណា ប្រសិនបើប្រទេសយើង មានសុវត្ថិភាពពេលយប់”

លោក ឃាន ពុទ្ធី បានបញ្ចេញទស្សនៈ បន្ថែមថា “ស្រវឹងចាប់បាន ដកប័ណ្ណបើកបរចោល ដក៦ខែ ទៅ១ឆ្នាំអីទៅកុំអោយបើក បើស្រវឹងបើកឡានកុំអោយបើក បានន័យថា គាត់មិនត្រូវបើកឡាននោះទេ គាត់បើកឡានបំផ្លាញអាយុជីវិតខ្លួនឯង និងអ្នកដទៃ ។ ធ្វើការដកប័ណ្ណបើកបរតែ១០នាក់នោះទេ អ្នកផ្សេងរាងហើយ យើងពុំចាំបាច់ធ្វើការពិន័យអ្វីធ្ងន់ធ្ងរនោះទេ ។ ហើយការដកប័ណ្ណបើកបរ មានអ្វីទៅពិបាក យកប័ណ្ណបើកបរគាត់ទុក ហើយកុំអោយក្រសួងសាធារណការ និងដឹកជញ្ចូនចេញថ្មីអោយគាត់ ដូច្នេះគាត់នឹងមានការភ័យខ្លាច ក្នុងការបើកបរ បើគាត់ហ៊ានបើកបរ នោះបានន័យថា គាត់កំពុងប្រព្រឹត្តិអំពើខុសច្បាប់ ។ ការធ្វើបែបនេះ យ៉ាងហោចណាស់ ក៏ជាសារមួយ ក្រើនរំលឹក ទៅដល់ប្រជាជន ដែលស្រវឹងកុំអោយគាត់បើកបរផងដែរ”

យ៉ាងណាមិញ ការបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលរាត្រី ត្រូវបានកើតឡើង ជាច្រើនករណីមកហើយ ទាំងក្នុងរូបភាព ប៉ះទង្គិចបង្កឲ្យខូចខាត ទ្រព្បសម្បត្តិអ្នកដទៃ ទ្រព្បសម្បត្តិសាធារណៈ ក៏ដូចជាបង្កឲ្យបាត់បង់ នូវអាយុជីវិត ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ហើយចុងក្រោយ បានត្រឹមតែជាសោកនាដកម្ម ចំពោះក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែមិនបានធ្វើឲ្យអ្នកដទៃ ខ្លាចរអា ឬបង្កើនការប្រុងប្រយ័ត្នអ្វីនោះទេ ហើយករណីដដែល ក៏ធ្លាប់កើតមានឡើង ចំពោះបុគ្គលដដែល ក៏មាដែរ ។

ហេតុនេះហើយ ថ្នាក់ដឹកនាំគួរពិចារ និងសិក្សាឲ្យបានច្បាស់ ថ្វីថ្បិតតែប្រទេសកម្ពុជា ជាប្រទេសកំពុងមានការអភិវឌ្ឍ លើគ្រប់វិស័យទៅហើយ គួរតែដល់ពេល គ្រប់គ្រងច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពជានេះ ចំពោះករណីខាងលើ ដែលបានលើកឡើងឥតឈប់ឈរ ហើយក៏ជាការចូលរួម កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ មួយកម្រិតផងដែរ៕ ដោយ៖ កំប្រេងកំប្រុក ក្នុង Max Cafe Real Estate

Facebook Comments

To Top