ព័ត៌មានជាតិ

ក្រមប្រឹក្សាស្រុកឈូកពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទក្លែងបន្លំឯកសារ ប្លង់ដីរបស់ប្រជាពលរដ្ឋម្នាក់ រស់នៅឃុំតាកែន

កំពត៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពតចាប់ខ្លួនពីបទក្លែងបន្លំឯកសារប្លង់ដី របស់ប្រជាពលរដ្ឋម្នាក់។ ការឃាត់ខ្លួន ធ្វើឡើង នៅល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចលំនៅឋាន នៃផ្ទះជនសង្ស័យនីមួយៗ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យដឹងថា: ជនសង្ស័យទាំងពីរ រួមមាន:

១-ឈ្មោះ ហង់ ប៊ូញ ភេទប្រុស កើតឆ្នាំ១៩៧២ បច្ចុប្បន្ននៅភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មុខរបរ សមាជិកក្រុមប្រឹក្សាស្រុកឈូក ខេត្តកំពត ចាប់ខ្លួនពីបទ ក្លែងលិខិតសាធារណៈ ប្រព្រឹត្តនៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដោយប្រើវិធី (បញ្ចេះ បង្ខំ អ្នកកាន់តា្រ និងមេឃុំតាកែន ស្រុកឈូក ឱ្យលុប កែទីតាំងដីពីភូមិកោះស្លា ឃុំត្រពាំងភ្លាំង មកជាភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក និងចុះហត្ថលេខា ត្រួតលើលិខិតរបស់មេឃុំត្រពាំងភ្លាំង ដែលបានចុះហត្ថលេខារួចហើយ)។

២-ឈ្មោះ ឃុត វ៉ាន ភេទប្រុស កើតឆ្នាំ ១៩៧៣សព្វថ្ងៃនៅ ភូមិជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក មុខរបរ សមាជិកក្រុមប្រឹក្សាឃុំតាកែន ស្រុកឈូក ពីបទក្លែងលិខិតសាធារណៈ ដោយប្រើវិធី(លុប កែទីតាំងដី ពីភូមិកោះស្លា ឃុំត្រពាំងភ្លាំង មកជាភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក រួចបោះត្រា និងឱ្យមេឃុំតាកែនចុះហត្ថលេខាត្រួតលើលិខិតរបស់មេឃុំត្រពាំងភ្លាំង ដែលបានចុះហត្ថលេខារួចហើយ)។

មន្ត្រីដដែល បន្តឲ្យដឹងថា អំពើក្លែងខាងលើ នាំឱ្យប៉ះពាល់ផលប្រយោជន៍ស្របច្បាប់ របស់ឈ្មោះ ទ្រួន អេង ម្ចាស់ប្លង់រឹង លេខ០២៩១ នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ: វ៉ាន់ ឌឿន

Facebook Comments

To Top