នយោបាយ

ជប៉ុន កោតសសើរ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

ភ្នំពេញ៖ លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចប់អាណត្តិ បានកោតសើរចំពោះ សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះ កំណើនយ៉ាងខ្លាំងជាងគេគឺ វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ឆមាសទី១ ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជា កំពុងបន្តមានដំណើរការយ៉ាងល្អ ដោយត្រូវបានរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៧,១% ដែលគាំទ្រដោយកំណើនរឹងមាំ នៃវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក Hidehisa HORINOUCHI មានប្រសាសន៍ថា “សម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដោយឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះមានកំណើនយ៉ាងខ្លាំង​ លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា”។

ចំណែក សម្តេច សាយ ឈុំ បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-ជប៉ុន ដែលមានការរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យ។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ និងមន្រ្តីជាន់ខ្ពស់គ្រប់ កម្រិតជាញឹកញាប់ផងដែរ ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top