នយោបាយ

ពលករខ្មែរ៣២នាក់ បន្តទៅធ្វើការនៅកូរ៉េ ក្រោយប្រកាស ទទួលយកជាង៤ពាន់នាក់

ភ្នំពេញ ៖ កូរ៉េនៅតែបើកទីផ្សារ ទទួលយកកំលាំង ពលកម្មពីកម្ពុជា ដើម្បីបំរើការងារ តាមបណ្តារោងចក្រ នានា នៅក្នុងប្រទេសខ្លួន ខណៈឆ្នាំ២០១៩នេះ បានប្រកាស កូតាយកកំលាំង ពលកម្មពីកម្ពុជា ប្រមាណជាង៤ពាន់នាក់ ។

លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានលើកឡើង ក្នុងពេលជូនដំណើរ ពលករកម្ពុជា ផ្នែកឧស្សាហកម្ម៣២នាក់ ទៅធ្វើការនៅកូរ៉េ កាលពីថ្ងៃរសៀល ថ្ងៃទី១៣ សីហាថា ភាពអត់ធ្មត់ព្យាយាម នឹងការងារគួបផ្សំអត្តចរិតល្អ របស់ពលករកម្ពុជា ដែលទៅធ្វើការ នៅកូរ៉េ ទទួលបានការកោតសរសើរ យ៉ាងពេញទំហឹង ពីសំណាក់និយោជក និងថ្នាក់ដឹកនាំកូរ៉េថែមទៀតផង។

លោកបានផ្ដាំផ្ញើថា ក្នុងពេលបំពេញការងារ នៅកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ ពលករទាំងអស់ទាក់ទងទៅមជ្ឈមណ្ឌលគាំពារ ពលករបរទេស ដែលប្រចាំការ នៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានា កើតមាន ពេលកំពុងធ្វើការ។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានមតិផ្ដាំផ្ញើទៅពលករ ទាំង៣២នាក់នោះ ត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលនៅជិតក ន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯង អាចឈានដល់ការប្រព្រឹត្ត ខុសកិច្ចព្រមព្រៀង ក៏ដូចជាអាចប្រឈម បញ្ហានានាផងដែរ។

រដ្ឋលេខាធិការក៏បានបង្ហាញការសង្ឃឹមជឿជាក់ថា ពលករកម្ពុជាទាំងអស់ នឹងរក្សាបាននូវភាពថ្លៃថ្នូរ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាពក្នុងការរស់នៅ និងការធ្វើដំណើរទៅកាន់ទី កន្លែងផ្សេងៗ។

ជាមួយគ្នានោះដែរ លោក ហេង សួរ ក៏បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅកូរ៉េជាង៦ម៉ឺននាក់ ភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់។

លោកបានបញ្ជាក់ថា «បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឲ្យកម្ពុជា ឆ្នាំ២០១៩នេះ យើងទទួលបានកូតាចន្លោះពី ៤,០០០នាក់ ទៅ ៤,៥០០នាក់ បន្ថែមទៀត»។

ក្នុងឱកាសនោះដែរ លោកទូតក៏បានអះអាងថា ស្ថានទូតនឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េរបស់លោកឲ្យជួយបង្កើនកូតា ទទួលពលករកម្ពុជាទៅធ្វើការបន្ថែមឲ្យបានកាន់ច្រើន។

លោកឲ្យដឹងថា មកដល់បច្ចុប្បន្ន ពលករបរទេសដែលធ្វើការនៅកូរ៉េមានចំនួន១៦ប្រទេស ក្នុងនោះចំនួនពលករ កម្ពុជាកើនឡើងកាន់តែច្រើន ក្នុងចំណោមពលករបរទេសដទៃទៀត ៕ដោយ ស សំណាង

Facebook Comments

To Top