នយោបាយ

សម្ដេច ស ខេង អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំជឿការឃោសនា របស់អ្នកនយោបាយខ្លះ នាំធ្វើបាតុកម្ម (វីដេអូ)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស កុំជឿការឃោសនា របស់អ្នកនយោបាយខ្លះ នាំធ្វើបាតុកម្ម ប្រឆាំងទៅនឹងរាជរដ្ឋាភិបាល ដែលកើត ចេញពីការបោះឆ្នោតត្រឹមត្រូវ។

ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានច្រាំងចោត ស្ថិតនៅឃុំរូង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ សម្ដេច ស ខេង បានឲ្យដឹងថា កម្ពុជាមានសុខសន្ដិភាពពេញលេញ ដូច្នេះពលរដ្ឋ ត្រូវរួមគ្នាគិត រកស៊ីបន្ថែមទៀត ដើម្បីឲ្យជីវភាពកាន់តែធូធារ ដោយកុំខ្វល់ទៅនឹងអតីត អ្នកនយោបាយមួយចំនួន។

សម្ដេចមានប្រសាសន៍ថា “មានន័យថា ស្រុកយើងមានសុខ សន្ដិភាព យើងនាំគ្នាគិតអី បងប្អូនប្រជាពលរដ្ឋយើងគិតអី ក្នុងពេលដែលយើង មានសុខសន្ដិភាពបែបនេះ។ ខ្ញុំថា យើងគួរតែរួមគ្នាគិត ដើម្បីនឹងកសាងជីវភាពរបស់យើងឲ្យសំបូលសប្បាយ យើងមានសុខហើយ តែយើងនាំគ្នាគិត”។

សម្ដេចបន្ដថា “ហើយកុំទៅជឿ កុំទៅជឿការឃោសនា អូសទាញ ពីមជ្ឈដ្ឋាន អ្នកនយោបាយខ្លះ ដែលគេមាន បំណង ដើម្បីនឹងគៀងគរ ប្រម៉ែលប្រមូលប្រជាពលរដ្ឋទៅគាំទ្រគេហើយ ទៅប្រឆាំងរាជរដ្ឋាភិបាលតាមរយៈ បាតុកម្ម មហាបាតុកម្ម ជាដើម”។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលសព្វថ្ងៃនេះ កើតចេញពីការបោះឆ្នោត ដែលមានប្រជាជនជាង៨០% បានទៅ បោះឆ្នោត ដោយគ្មានអំពើហិង្សា និងទទួលស្គាល់ពីអន្ដរជាតិ ទោះបីមានប្រទេសខ្លះមិនគាំទ្រក៏ដោយ។ សម្ដេចថា ជាក់ស្ដែករហូតមកដល់ពេលនេះរាជរដ្ឋាភិបាល កំពុងតែសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសទាំងអស់ នៅលើសកលលោក ដោយមិនចាត់ទុកប្រទេសណាមួយ ធ្វើជាសត្រូវឡើយ។

បន្ថែមពីនេះ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា មានប្រទេសណាខ្លះពេញចិត្តកម្ពុជា មកសិក្សាឃើញកម្ពុជាអាចនឹងមកវិនិយោគទៅលើវិស័យផ្សេងៗ ដែលពួកគេចង់វិនិយោគ។ប្រទេសខ្លះទៀត មិនបានមកសិក្សានៅកម្ពុជា ហើយអ្នកវិនិយោគក៏តិច ទេសចរណ៍ក៏មានតិចដែរ។ប៉ុន្ដែសម្រាប់ជំហរនយោបាយរបស់កម្ពុជា គឺកម្ពុជាស្វាមគន៍ពីគ្រប់មិត្តភត្តិទាំងអស់នៅលើសកលលោក ដោយមិន ប្រកាន់និន្នាការនយោបាយឡើយ។

រដ្ឋមន្ដ្រីមហាផ្ទៃថា “ចង់និយាយថា ទោះបីថា ប្រទេសនោះប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចកម្ពុជា នេះ ក៏យើងស្វាគមន៍។ប្រទេស ប្រកាន់យករបបកុម្មុយនីស្ត សង្គមនិយម ក៏យើងស្វាគមន៍ ។ព្រោះអីឥឡូវនេះ វាហាក់បីដូចជាចង់ដូហើយ ទំនាក់ទំនងអន្ដរជាតិ”។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បន្ថែមថា កាលពីមុនបណ្ដាប្រទេសនានា ជាពិសេសប្រទេស មហាអំណាច គឺនយោបាយទំនាក់ទំនងការបរទេសរបស់ពួកគេ ពឹងផ្អែកទៅលើមនោគមវិជ្ជា។ ដូច្នេះសព្វថ្ងៃនេះទាំងនោះ បានលើកឡើងថា (ឆ្មាខ្មៅក៏បាន-ឆ្មាសក៏បាន) ឲ្យតែចាប់កណ្តុលបាន ចង់និយាយថា ពួកគេគិតគូរតែរឿងរកស៊ីផ្នែកសេដ្ឋកិច្ច ដើម្បីឲ្យប្រទេសកាន់តែរីកចម្រើន។

សម្ដេចពន្យល់ថា ប្រទេសសេរីមកធ្វើសម្ព័ន្ធមិត្ត ឬចាប់ដៃគូយ៉ាងជិតស្និតជាមួយប្រទេសកុម្មួយនីស្ត។សម្ដេចថា ប្រទេសកុម្មួយនីស្ត ទៅចាប់ដៃគូជិតស្និតរកស៊ីជាមួយគ្នាខាងសេដ្ឋកិច្ចដោយមិនគិតថា “ទាល់អ្នកឯងផ្លាស់ប្ដូររបបនយោបាយសិន បានខ្ញុំទៅទាក់ទង អត់មែនចឹងទេ? ដូច្នេះ ការផ្លាស់ប្ដូរមានការវិវត្តន៍បែបនេះ”។

សម្ដេច ស ខេង សង្កតធ្ងន់ថា ដូច្នេះកម្ពុជាបានខិតខំធ្វើយ៉ាងណាពង្រឹង សុខសន្ដិភាព ស្ថេរភាពរបស់កម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។សម្ដេចថា អ្នកដែលនាំពលរដ្ឋខ្មែរដើម្បីផ្ដួលរលំរាជរដ្ឋាភិបាល គឺមិនត្រឹមត្រូវឡើយ កាលណាពលរដ្ឋធ្វើបែបនេះ កម្ពុជានឹងរុះរើសារជាថ្មីជាមិនខាន់៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top