Uncategorized

សាលាក្ដីខ្មែរក្រហម សម្រេចរំលត់បណ្ដឹងអាជ្ញា និងបញ្ចប់ដំណើរការ នីតិវិធីលើបណ្តឹងសាទុក្ខ ពាក់ព័ន្ធនឹង នួន ជា

ភ្នំពេញ :លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការ សាធារណៈនៃសាលាក្តីខ្មែរក្រហម នៅ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩បានបញ្ជាក់ ថាអង្គជំនុំជម្រះតុលាការ កំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាបានចេញ សេចក្តីសម្រេចបញ្ចប់ កិច្ចដំណើរការនីតិវិធីលើបណ្តឹង សាទុក្ខពាក់ព័ន្ធនឹង នួន ជា ប៉ុន្តែបានទទួលពិនិត្យលើសំណើបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា ពាក់ព័ន្ធនឹងក្នុងចំណោមនោះផលប៉ះពាល់នៃមរណភាពរបស់នួន ជា ទៅលើសាលក្រម និងការដាក់ពិរុទ្ធភាពជាមូលដ្ឋាន។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានឱ្យដឹងថា «អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសថា មរណភាពរបស់ជនជាប់ចោទ នួន ជា មានអនុភាពរំលត់បណ្តឹងអាជ្ញាលើរូបគាត់ និងបញ្ចប់រាល់កិច្ចដំណើរការនីតិវិធីពាក់ព័ន្ធ នឹងរូបគាត់នៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការកំពូលបន្តទទួលពិនិត្យ លើសំណើសុំបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា»។

សូមរំលឹកថានួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតនៅក្នុង សំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូង ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោស ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ។

ជនជាប់ចោទ នួន ជា បានដាក់សេចក្តីជូនដំណឹង អំពីបណ្តឹងសាទុក្ខរបស់ខ្លួនប្រឆាំងនឹងសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងក្នុង សំណុំរឿង ០០២/0២ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩។ ជនជាប់ចោទ នួន ជា អាយុ ៩៣ ឆ្នាំ បានទទួលមរណភាពកាលនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩ ក្រុមមេធាវីការពារក្តី នួន ជា បានដាក់ សំណើបន្ទាន់ពាក់ព័ន្ធនឹងផលប៉ះពាល់លើកិច្ចដំណើរការនីតិវិធីបណ្តឹងនៃមរណភាពរបស់ នួន ជា នៅពេលចេញសាលដីកា។

ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អនុលោមតាមមាត្រា ៧(១) នៃក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មរណភាពរបស់ជនល្មើស ត្រូវរលត់បណ្តឹងអាជ្ញាប្រឆាំងនឹងជននោះ។ អនុលោមតាមវិធាន ២៣ស្ទួន (៦) នៃវិធានផ្ទៃក្នុងដំណើរការនីតិវិធីបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹង ជនជាប់ចោទនៅអវតក ត្រូវបញ្ចប់នីពេលមរណភាពរបស់ជនជាប់ចោទ។ ហេតុដូច្នេះហើយបានជាអង្គជំនុំជម្រះតុលាការកំពូលយល់ឃើញថា តាមច្បាប់កម្ពុជា និងវិធានផ្ទៃក្នុងរបស់អវតក មរណភាពរបស់ នួន ជា មានអនុភាពរលត់បណ្តឹងអាជ្ញា និងបញ្ចប់បណ្តឹងរដ្ឋប្បវេណីចំពោះរូបគាត់ នៅចំពោះមុខនៃអង្គជំនុំជម្រះ។ លោកប្រធានផ្នែក កិច្ចការសាធារណៈរូបនេះបានពន្យល់បន្តថា ចាប់ពីពេលនេះ សំណុំរឿង នួន ជា ត្រូវបានបិទបញ្ចប់នៅចំពោះមុខតុលាការខ្មែរក្រហម ហើយចំពោះសំណើរបន្ទាន់របស់ក្រុមមេធាវី នួន ជា ពាក់ព័ន្ធនឹងផលប៉ះពាល់លើកិច្ចដំណើរការនីតិវិធី បណ្តឹងនៃមរណភាពរបស់ នួន ជា នៅពេលចេញសាលដីកា នឹងត្រូវអង្គជំនុំជម្រះតុលាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងសម្រេច នៅក្នុងពេលវេលាសមស្របខាងមុខ។ ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពីមន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺតាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក។ នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈ កម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ និងបានជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕

Facebook Comments

To Top