ព័ត៌មានជាតិ

ជនឆបោក២នាក់ អស់លក្ខណ៍ ក្លែងបន្លំជាសាច់ញាតិអ្នកធំ បោកលុយរាប់សិបម៉ឺនដុល្លារ រត់ការចូល ក្របខ័ណ្ឌកងទ័ព!

ភ្នំពេញៈ ជនឆបោក២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន ព្រោះក្លែងបន្លំជាសាច់ញាតិលោក យឹម លាង បោកជនរងគ្រោះប្រហែល ១០០នាក់ យកបានប្រាក់ រាប់ម៉ឺនដុល្លារ ដោយប្រាប់ថា រត់ការចូលក្របខ័ណ្ឌកងទ័ព ។

ជនសង្ស័យពីរនាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបាន ឃាត់ខ្លួនជាបន្តបន្ទាប់។

ជនសង្ស័យទី១មាន ឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យទី២ឈ្មោះ ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស ឆ្នាំកំណើត១៩៧៣ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុច ទល់មុខភោជនីយដ្ឋាន ព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ បានសារភាពថា ឈ្មោះ តុប គឹមហុង បានប្រើល្បិច ប្តូរឈ្មោះជា យឹម គឹមហុង កុហក់ជនរងគ្រោះថាជាបងប្អូនជីដូនមួយ របស់លោក យឹម លាង ព្រមទាំងកុហកជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោក យឹម លាង នឹងទៅកាន់អគ្គនាយកដ្ឋានវិស្វកម្ម ហើយបង្កើតនាយកដ្ឋានថ្មីចំនួន៦ ត្រូវការជ្រើសបុគ្គលិកចំនួន ៣០០នាក់ ហើយគេអាចបញ្ចូលក្របខណ្ឌបាន ដោយត្រូវចំណាយប្រាក់​ ទៅតាមឋានន្តរសក្តិ ក្នុងនោះថ្នាក់វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ថ្នាក់អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ថ្នាក់អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$។

ពួកគេបានធ្វើសកម្មភាព បែបនេះ ឆបោកប្រាក់ ពីជងរងគ្រោះ សរុបប្រមាណ ១០០នាក់ហើយ តែពុំមានជនរងគ្រោះណាម្នាក់ បានចូលក្របខណ្ឌឡើយ រហូតមានជនរងគ្រោះម្នាក់ មានការសង្ស័យ ក៏ប្តឹងទៅកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ឲ្យជួយធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង៕

Facebook Comments

To Top