ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ រដ្ឋបាលសាធារណៈ រឹងមាំនិងមានគុណភាព ទើបសេដ្ឋកិច្ចមិនដួលរលំពេលមាន បញ្ហានយោបាយ (វីដេអូ)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ត្រូវរៀបចំរដ្ឋបាល សាធារណៈឲ្យមានភាពរឹងមាំ ទើបសេដ្ឋកិច្ចប្រទេសជាតិមិនដួលរលំនៅពេល មានបញ្ហានយោបាយ ។

ក្នុងវេទិការស្តីពីមុខងារ នីតិកម្ម និងការងារកែទម្រង់ របស់រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ សម្ដេច ស ខេង ណែនាំ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានតួនាទីយ៉ាងសំខាន់ ដើម្បីរួមចំណែកសម្រេចនូវ គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

សម្ដេច មានប្រសាសន៍ថា “តាមបទពិសោធន៍ខ្ញុំរៀនសូត្រពីគេ រដ្ឋបាលសារធាណៈត្រូវតែខ្លាំងប្រទេសនីមួយៗ ត្រូវតែរៀបចំរដ្ឋបាលសាធារណៈយ៉ាង ម៉េចឲ្យខ្លាំង។ បើរដ្ឋបាលសាធារណៈខ្លាំង ចង់នយោបាយយ៉ាងម៉េច (នយោបាយមានបញ្ហា) ក៏វាអត់អីដែរ បើរដ្ឋបាលសាធារណៈមិនខ្លាំងទេ នយោបាយដួល គឺដួលទាំងអស់ ប្រទេសជាតិដួល។ឥឡូវគោលដៅ យើងចង់បានអ្វី? តាមខ្ញុំគឺចង់បានបែបហ្នឹង គឺរដ្ឋបាលសាធារណៈមួយ ដែលរឹងមាំ មានគុណភាព”។

សម្ដេចបន្ដថា “ប្រទេសជិតខាងយើង គណបក្សនយោបាយឈ្លោះយ៉ាងម៉េចឈ្លោះទៅ ប៉ុន្តែរដ្ឋបាលរបស់គេ គឺរឹងមាំ សេដ្ឋកិច្ចនៅតែដើរអ៊ីចឹង។ គួររៀនសូត្រពីបណ្ដាប្រទេសដែលគេដើរទៅមុខបាន”។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ពាក់ព័ន្ធនឹងបញ្ហានេះអង្គភាពទទួលបន្ទុកនីតិកម្ម នៃក្រសួងស្ថាប័ន នីមួយៗត្រូវផ្ដោតការយកចិត្តទុកដាក់ និងគិតគួរឲ្យបានស៊ីជម្រៅក្នុងការរៀបចំ គោលនយោបាយយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរបស់ខ្លួនដោយត្រូវពិនិត្យត្រឹមត្រូវ ។

រដ្ឋមន្ដ្រីបន្ថែមថា ការដាក់ចេញនូវមុខងារ នីតិកម្មនៅតាមក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ក្នុង ការពន្លឿននៃការកំណែទម្រង់ អភិបាលកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័នសំដៅបង្កើន សមត្ថភាពប្រកួតប្រជែង របស់កម្ពុជា ក្នុងគោលបំណងសម្រេច ឲ្យបាននូវឆ្នាំ២០៣០ គឺកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងការឈានសម្រេចនូវចក្ខុវិស័យ រយៈពេលវែងនៅឆ្នាំ២០៥០ គឺកម្ពុជាក្លាយជាប្រទេស មានចំណូលកម្រឹតខ្ពស់តាមការគ្រោងទុក។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញការងារកែទម្រង់របស់រាជរដ្ឋាភិបាល ចំនួន ៥ចំណុច រួមមាន ៖
ទី១- លើកទឹកចិត្តឲ្យរៀបចំវេទិកាស្ដីពីមុខងារនីតិកម្ម និងការងារកំណែទម្រង់រាជរដ្ឋាភិបាលនេះ ជាទៀងទាត់រយៈពេល១ឆ្នាំម្ដង ដើម្បីឲ្យក្លាយជាអភិក្រមមួយ សម្រាប់ការប្រមូលផ្ដុំគំនិត និងការចែករំលែកបទពិសោធន៍ល្អៗ ដើម្បីស្វែងរកនូវដំណោះស្រាយរួមគ្នា លើការងារកំណែទម្រង់ និងការងារនីតិកម្ម។

ទី២- ស្នើដល់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សហការជាមួយលេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៤ និងអង្គភាពនីតិកម្មនៃក្រសួង ស្ថាប័នានានា ដើម្បីយកលទ្ធផលនៃវេទិកានេះទៅជជែកពិភាក្សារៀបចំយន្ដការ និងវិធានការនានាដើម្បីបង្កើនប្រសិទ្ធភាព ការងាររបស់រាជរដ្ឋាភិបាល ជាពិសេសការងារកំណែទម្រង់ និងការងារនីតិកម្ម។

ទី៣- ទទួលស្គាល់ទាំងអស់គ្នាថា មុខងារនីតិកម្មពិតជាមានភាពចាំបាច់ក្នុងការគាំទ្រ ដល់កំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ននីមួយៗ ត្រូវរៀបចំឲ្យមានយន្ដការស្ថាប័នជាក់លាក់សម្រាប់ទទួលបន្ទុក ការងារនីតិកម្ម ដើម្បីចូលរួម និងគាំទ្រដល់ការងារកំណែទម្រង់ស្នូលទាំង៤ និងកំណែទម្រង់តាមវិស័យនីមួយៗ។

ទី៤- ដើម្បីធានាបាននូវការងារចូលរួមយ៉ាងសកម្ម និងការគាំទ្រប្រកបដោយប្រសិទ្ធភាព ដល់ការងារកំណែទម្រង់ អង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ននីមួយៗចាំបាច់ ត្រូវពង្រឹងសមត្ថភាព អង្គភាពរបស់ខ្លួន ត្រូវមានរបៀបរបបការងារច្បាស់លាស់ និងមានផែនការសកម្មភាពជាក់លាក់។

និងទី៥- ក្រសួង ស្ថាប័នអង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ននីមួយៗ ត្រូវបន្ដខិតខំពិនិត្យ និងតំរិមគោលនយោបាយ យុទ្ធសាស្ដ្រ និងលិខិតបទដ្ឋាន គិតយុត្តិ ក្នុងវិស័យរបស់ខ្លួនឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងកំណែទម្រង់ស្នូលទាំង៤របស់រាជរដ្ឋាភិបាល៕ដោយ អេង ប៉ូឆេង

Facebook Comments

To Top