ព័ត៌មានជាតិ

អាមេរិកអរគុណកម្ពុជា សម្រាប់កិច្ចសហប្រតិបត្ដិការ បន្តរុករកអដិ្ឋធាតុ ទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្រ្គាម

ភ្នំពេញ៖ លោកស្រី អាន មីល ហ្គីហ្វីត ប្រធានសម្ព័ន្ធគ្រួសារ របស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករកដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់តាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឲ្យបន្តដឹកនាំគណៈកម្មការរុករក អដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ តាមរយៈលិខិតមួយច្បាប់ផ្ញើ ទៅសមាជិកព្រឹទ្ធសភា នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្ត លោក វីនសុន បាយ្ស (Vicent Buys) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានយល់ព្រមបើកដំណើរការឡើងវិញ នូវការរុករកអដ្ឋិធាតុ ទាហានរបស់អាមេរិក ដែលនៅបន្ដបាត់ខ្លួនចំនួន ៤៩នាក់ ។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ របស់សម្ព័ន្ធជាតិនៃ គ្រួសារទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម កាលពីថ្ងៃទី១៩-២២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅស្រុកអាលីងប៊ុន រដ្ឋវីជីននៀ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថា ប្រកបដោយពុទ្ធិ ដោយលើកឡើងអំពីរឿងពិត នៃកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង របស់ប្រទេសយើងទាំងពីរ ដូចជា ប្រទេសកម្ពុជាត្រូវបានគេ ទទួលស្គាល់ជាយូរមកហើយថា ជាដៃគូសហការកម្រិត Gold Standard ក្នុងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុង បេសកកម្មរុករកអដ្ឋិធាតុនេះ។

តាមរយៈលិខិតផ្ញើជូន សម្ដេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី១៧ កក្កដា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទើបទទួលបាននៅថ្ងៃទី១៣ សីហានេះ លោកស្រី អាន មីល ហ្គីហ្វីត ប្រធានសម្ព័ន្ធគ្រួសារ របស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍បញ្ជាក់ថា «យើងខ្ញុំ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេច ដែលបានចាត់តាំងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ឲ្យដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដ្ឋិធាតុ ទាហានអាមេរិកនេះ។ បើទោះបីជារាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី បានផ្លាស់ប្តូរសមាជិកក៏ដោយ ក៏អតីតអគ្គមេបញ្ជាការ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន នៅតែបន្តតំណែងជា ប្រធានគណៈកម្មការនេះដដែល ដែលកិច្ចសហការរបស់យើងខ្ញុំ ជាមួយលោកអគ្គមេបញ្ជាការ តែងតែប្រព្រឹត្តទៅ ប្រកបដោយប្រសិទ្ធភាព និងផ្លែផ្ការហូតមក ដូចដែលយើងធ្លាប់បានធ្វើការជាមួយ លោក សៀង ឡាប្រេស្ស និង លោកឧត្តមសេនីយ៍ឯក ជុំ សូយ៉ាត ព្រមទាំងមានការចូលរួមពី សមាជិកក្រុមកម្ពុជាទាំងអស់ផងដែរ» ។

លោកស្រីសង្ឃឹមថា នឹងអាចបន្តធ្វើការឲ្យកាន់តែ ជិតស្និទ្ធបន្ថែមទៀតជាមួយ លោកអគ្គរាជទូត ជុំ សុន្ទរី ក្នុងបេសកកម្មការទូតរបស់លោក ដែលកំពុងបន្តរីកចម្រើន នៅក្នុងការបំពេញភារកិច្ច នៅរដ្ឋវ៉ាស៊ីងតោន ៕ ដោយ៖ ខា ដា

Facebook Comments

To Top