អន្តរជាតិ

ផ្ទុះឃ្លាំងដាក់គ្រាប់រំសេវ នៅក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់ និងរបួស៣០នាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះថា ប្រភពពីក្រុមគ្រូពេទ្យ បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់ និង២៩នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយ នៅក្នុងឃ្លាំងស្តុក គ្រាប់រំសេវមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងបាកដាដ កាលពីថ្ងៃច័ន្ទ ។

អ្នកនាំពាក្យ ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការផ្ទុះដ៏ខ្លាំង នៅភាគខាងត្បូងទីក្រុងបាកដាដ បានសម្លាប់មនុស្សម្នាក់ និងបង្កតឲ្យរងរបួស ២៩នាក់ទៀត ។

លោក Al-Badr បានថ្លែងនៅមុននេះថា អ្នករងរបួសមួយចំនួន ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ al-Yarmouk និង al-Mahmoudiyah ដែលមានចម្ងាយ ប្រមាណ៣ គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងនៃទីក្រុងបាដាដ ។

លោកបានបន្ថែមថា អ្នករងរបួសភាគច្រើន បានរងរបួសស្រាល ហើយអ្នកខ្លះទៀត បានចាកចេញពី មន្ទីរពេទ្យវិញហើយ ។

លោក Al-Badr មិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀត អំពីការស្លាប់ និងរបួសណាមួយ ក្នុងចំណោមកងកម្លាំងសន្តិសុខ នៅខាងក្នុងមូលដ្ឋានយោធានោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top