នយោបាយ

ម៉ាឡេស៊ី​ គ្រោងបង្កើត រោងចក្រផលិត លីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ ក្នុងវិស័យផលិត ទោចក្រយាននៅកម្ពុជា

ភ្នំពេញ ៖ លោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានឲ្យដឹងថា ម៉ាឡេស៊ីគ្រោងបង្កើតរោងចក្រ ផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ ក្នុងវិស័យផលិតទោចក្រយាន នៅកម្ពុជា សម្រួលដល់ខ្សែច្រវាក់ ផលិតកម្ម ក៏ដូចជាបង្កើត ជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។

ថ្លែងនៅក្នុងឱកាសពិភាក្សាការងារ ទ្វេភាគីជាមួយ លោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក លោក ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយលោកអែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម នាថ្ងៃនេះ ជាពេលវេលាមួយដ៏សមស្រប គាប់ជួននឹង ដំណើរទស្សនកិច្ចរបស់ លោក មូហាធា មូហាម៉ែត មកប្រទេសកម្ពុជានៅពេលខាងមុខដ៏ខ្លី។ ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះបានផ្ដល់ឱកាស សម្រាប់ពិភាក្សាលើការងារ សហការក្នុងការបង្កើតរោងចក្រ ផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ ក្នុងវិស័យផលិត ទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ ផលិតកម្ម ក៏ដូចជាបង្កើត ជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ ។

លើសពីនោះថែមទៀត លោករដ្ឋមន្ត្រី បានរំលឹកឡើងវិញ នូវប្រសាសន៍ របស់ថ្នាក់ដឹកនាំ អាស៊ានលើការជំរុញ ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ាន ឲ្យកើនឡើងបន្ថែមទៀត។
ជាកិច្ចឆ្លើយតប លោកអគ្គរាជទូត ឯកភាពទាំងស្រុង ជាមួយនឹងប្រសាសន៍របស់លោក ប៉ាន សូរស័ក្ដិ ព្រមទាំងនឹងពាំនាំ ប្រសាសន៍ទាំងនោះជូនទៅ ស្ថាប័នរបស់ម៉ាឡេស៊ី បន្តទៀត។ លោកអគ្គរាជទូតបន្តមានប្រសាសន៍ថា ការពង្រីកទំហំពាណិជ្ជកម្ម ក្នុងតំបន់អាស៊ានពិតជា មានសារៈសំខាន់ សម្រាប់សមាជិកអាស៊ានទាំងអស់។

ដោយឡែកសម្រាប់ កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងម៉ាឡេស៊ី នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាពេលខាងមុខ ភាគីម៉ាឡេស៊ី មានបំណងលើក ប្រធានបទនេះ និងប្រធានបទមួយចំនួនទៀត រួមមាន ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ចជាដើម ដើម្បីពិភាក្សា។

លោករដ្ឋមន្ត្រី ក៏បានផ្ដល់ធាតុចូលបន្ថែម ដោយចង្អុលបង្ហាញ វិស័យទេសចរណ៍ ជាវិស័យមានសក្ដានុពលមួយ ព្រមទាំងស្នើសុំឲ្យ សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការចុះ អនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនង ធុរកិច្ចរវាងប្រទេសទាំងពីរ ៕ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top