នយោបាយ

ទូតចិនប្រចាំកម្ពុជា ៖ ចិន-កម្ពុជា កំពុងសកម្ម ក្នុងការកសាង សហគមន៍ ជោគវាសនារួម ប្រកបដោយអត្ថន័យ យុទ្ធសាស្រ្ត

ភ្នំពេញ៖លោក Wang Wentian ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា ការបន្តការសិក្សា របស់និស្សិតកម្ពុជា នៅប្រទេសចិន គឺជាតម្រូវការ នៃកិច្ចទំនាក់ទំនងចិន-កម្ពុជា ខណៈបច្ចុប្បន្នប្រទេសទាំងពីរ កំពុងសកម្មក្នុងការ កសាងសហគមន៍ ជោគវាសនា រួមប្រកបដោយអត្ថន័យយុទ្ធសាស្រ្តក្នុងយុគសម័យថ្មី។ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា ។

ថ្លែងនៅក្នុងពិធីប្រគល់លិខិតជ័យលាភី អាហារូបករណ៍ រដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃទី១២ ខែសីហា លោកឯកអគ្គរដ្ឋទូត Wang Wentian អបអរសាទរចំពោះសិស្ស និស្សិតកម្ពុជាចំនួន ១៨៥រូប ដែលទទួលបានអាហារូបករណ៍ រដ្ឋាភិបាលចិនប្រចាំឆ្នាំ សិក្សាថ្មីនេះ និង កោតសរសើរពួកគេ ក្នុងការសម្រេចចិត្ត ទៅបំពេញការសិក្សា នៅប្រទេសចិន ។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ការបន្តការសិក្សានៅប្រទេសចិន គឺជាតម្រូវការ នៃកិច្ចទំនាក់ទំនងចិន និងកម្ពុជា កិច្ចស្ថាបនាប្រទេសជាតិ និងកិច្ចអភិវឌ្ឍន៍ផ្ទាល់ ខ្លួនរបស់សិស្សនិស្សិត។
លោកឯកអគ្គរដ្ឋទូតបន្តថា” បច្ចុប្បន្នប្រទេសចិននិងកម្ពុជា កំពុងសកម្មក្នុងការ កសាងសហគមន៍ ជោគវាសនា រួមប្រកបដោយអត្ថន័យ យុទ្ធសាស្រ្ត នេះជាកិច្ចអភិវឌ្ឍន៍ និងការណ៍ធ្វើឲ្យឧត្តុងឧត្តម នៃមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មី។ សិស្សនិស្សិតទាំងអស់ ត្រូវខិតខំ ក្រេបជញ្ជក់ចំណេះវិជ្ជា និងជំនាញ ដើម្បីធ្វើការទទួលខុសត្រូវលើកិច្ចស្ថាបនាជាតិ នាថ្ងៃអនាគត និងក្លាយជាស្ពានពង្រឹងទំនាក់ទំនង និងពង្រីកមិត្តភាពរវាងប្រទេស ទាំងពីរចិន និងកម្ពុជា”។

លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែលតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្ដល់អាហារូបករណ៍ជាប់ៗគ្នា ជាច្រើនឆ្នាំដល់ និស្សិតកម្ពុជា ជួយកម្ពុជា បណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ ។

លោក យក់ ង៉ុយសង្ឃឹមថា សិស្សនិស្សិតដែលទៅបន្តការសិក្សា នៅប្រទេសចិនទាំងអស់ខិតខំរៀនសូត្រ មិនត្រូវឲ្យឱកាសល្អៗកន្លងផុតទៅ ដោយឥតប្រយោជន៍ទេ ហើយនៅពេលត្រលប់មកមាតុប្រទេសវិញនឹងចូលរួមកសាងប្រទេសជាតិ ព្រមទាំងអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកម្ពុជាឲ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះផងដែរ និស្សិតថ្មីនិងនិស្សិតជំនាន់មុន ដែលត្រូវចេញទៅបន្តការសិក្សានៅចិនបាន ឡើងថ្លែងពីចំណាប់អារម្មណ៍ អរគុណដល់រដ្ឋាភិបាលចិន ដែលផ្ដល់ឱកាសឲ្យ ពួកគេបានចេញ ទៅបន្តការសិក្សា។ ពួកគេប្ដេជ្ញាថា នឹងខិតខំរៀនសូត្រ ប្រឹងប្រែងធ្វើការ ដើម្បីចូលរួមជាកម្លាំង ក្នុងកិច្ចការកសាងជាតិ និងទំនាក់ទំនងមិត្តភាព រវាងចិននិងកម្ពុជា ៕

ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top