ព័ត៌មានជាតិ

ប្រធាន និងសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដែលតែងតាំងជាទីប្រឹក្សា ឬជំនួយការនឹងត្រូវបាត់បង់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាសមុនជាប់ឆ្នោតនោះនឹងត្រូវបាត់បង់មុខតំណែង ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចេញថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ សម្ដេច ស ខេង បានមានប្រសាសន៍ថា ក្រសួងបានពិនិត្យឃើញមានប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣នេះ មួយចំនួនត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ មុនពេលជាប់ឆ្នោត និងមានមួយចំនួនទៀត ត្រូវបានតែងតាំងមុខតំណែងជាទីប្រឹក្សា ឬជាជំនួយការ ក្រោយពេលជាប់ឆ្នោត ដើម្បីអនុវត្តស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់នោះ មុខតំណែងទីប្រឹក្សា ឬជំនួយការមុនជាប់ឆ្នោត នឹងត្រូវបាត់បង់ ហើយជំនួសដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យស្តីពីការទទួលស្គាល់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣ តាមគោលការណ៍។

លិខិតបន្តថា ចំពោះលិខិតឯកត្តភូតដែលចេញមុនត្រូវបានជំនួសដោយលិខិតឯកត្តភូតដែលចេញក្រោយ ករណីនេះ សាមីខ្លួននៅសល់មុខតំណែងតែមួយគឺជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌតែប៉ុណ្ណោះ។ ទន្ទឹមនោះ ចំពោះការរៀបចំ និងការបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ គឺសាមីខ្លួនម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភ ប្រចាំខែក្នុងមុខតំណែងជាប្រធាន ឬសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។

ដោយឡែកចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ ក្រោយពេលជាប់ឆ្នោតហើយនោះ មិនត្រូវបានបាត់បង់ឡើយ ដោយសារជាមន្ត្រីសាធារណៈមានអាណត្តិត្រូវបានជ្រើសរើសចេញពីការបោះឆ្នោត។ ករណីនេះ សាមីខ្លួនត្រូវសម្រេចចិត្តធ្វើការ ជ្រើសរើសយកមុខតំណែងណាមួយ ក្នុងចំណោមមុខតំណែងជាទីប្រឹក្សា ឬជំនួយការ ឬជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សា ។ ចំពោះការរៀបចំ និងការបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ គឺសាមីខ្លួនម្នាក់ៗ ទទួលបានប្រាក់បំណាច់ ឬប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមុខតំណែង ដែលបានជ្រើសរើសនោះ៕

ដោយ៖ ខា ដា

Facebook Comments

To Top