ព័ត៌មានជាតិ

ទំនប់ប្រទាក់ក្រឡា ត្រូវបានបិទភ្ជិត រួចរាល់ទាំងស្រុងហើយ

ភ្នំពេញ ៖ គិតដល់ម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបិទភ្ជិតទាំងស្រុង ហើយដោយប្រើរយៈពេលអស់ប្រមាណ ២០ម៉ោង។

បើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក ការងារនៅសេសសល់នឹងបន្តគឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមទៀត។ ក្នុងការងារនេះ ក្រសួងបានប្រើប្រាស់នូវ ៖ គ្រឿងចក្រធុនធ្ងន់ចំនួន១៤គ្រឿងរួមមាន ៖ អ៊ិចស្កាវាទ័រដៃវែងដៃខ្លីចំនួន៦គ្រឿង , រថយន្តបែនចំនួន៦គ្រឿង , ប៊ុលដូហ្ស័រចំនួន១គ្រឿង និងសាហ្ស័រចំនួន១គ្រឿង។ សម្ភារៈជំនួយមានកញ្ច្រែងថ្មចំនួន ១០០ដុំ , ថ្ម-ដីប្រមាណ ៥០០ម៉ែត្រគូប។

កម្លាំងសរុបដែលដឹកនាំផ្ទាល់ដោយលោករដ្ឋមន្រ្តី លឹម គានហោ , រដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញប្រចាំទិស , អគ្គនាយក , ប្រធាននាយកដ្ឋាន , ប្រធានមន្ទីរកំពត-កែប, មន្ត្រីរាជការ , អ្នកបើកបរគ្រឿងចក្រ និងកម្មករសរុបចំនួន ១០០នាក់ផងដែរ៕

Facebook Comments

To Top