ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ត្រូវបានជួយសង្គ្រោះ ទៅកាន់ទីទួលសុវត្ថិភាព

ភ្នំពេញ៖ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី១០ សីហានេះ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ត្រូវបានជួយសង្គ្រោះ ទៅកាន់ទីទួល សុវត្ថិភាព ខណៈគណៈបញ្ជាការឯកភាព ខេត្ត ក្រុងស្រុក តំបន់ប្រត្តិបត្តិការសឹករងខេត្ត កម្លាំងមូលដ្ឋានសមុទ្ររាម កងកម្លាំងឆត្រយោង៩១១ កម្លាំងកងពល៩៩ នគរបាលព្រំដែនទឹក និងវិស័យ ឯកជនមួយចំនួន (សម្ភារៈ) បានត្រៀមកំលាំងរួចរាល់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមាន ហេតុការណ៍កើតមានឡើង ជាយថាហេតុណាមួយ ។

លោក គួច ចំរើន បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “គិតត្រឹម ម៉ោងនេះ ប្រជាពលរដ្ឋ ដែលរងគ្រោះបានជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព ។ ផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលវេញ ទៅដល់ស្ពានកំពង់ស្មាច់(គីឡូម៉ែត្រ លេខ១៩៥-២០០) បានផ្អាកដំណើរការបណ្តោះអាសន្ន និងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង និងស្ពានស្ទឹងច្រាល (គីឡូម៉ែត្រ ១១៦) ទឹកមានកំពស់៥.២ម៉ែត្រ(ចំណុចប្រកាសអាសន្ន៥.៨ម៉ែត្រ )”។

លោក គួច ចំរើន បានឲ្យដឹងបន្ថែមថា ក្រោយពីទទួលឥទ្ធិពលសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំង ធ្វើឲ្យខេត្តព្រះសីហនុ មានភ្លៀងធ្លាក់គំហុកជាប់ៗគ្នា ក្នុងកម្រិតខ្លាំងចាប់តាំងពីថ្ងៃទី១ ខែសីហា មកម្ល៉េះ ។ គិតត្រឹម ម៉ោង ៧ម្សិលមិញ មកទល់ពេលនេះ បរិមាណទឹកភ្លៀងសរុបប្រមាណ៣៥៦មីលីម៉ែត្រ និងបន្តធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខទៀត ។

ឆ្លើយតបបញ្ហានេះលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម បានអន្តរាគមន៍បញ្ចេញគ្រឿងចក្រធុនធ្ងន់ ដោយសហការ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយរំដោះទឹក៕

Facebook Comments

To Top