ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ បណ្ដាសារបឹងព្រែកទប់ បណ្ដាលឲ្យខេត្តព្រះសីហនុ រងការជន់លិចយ៉ាងគំហុក មិនធ្លាប់មាន

ភ្នំពេញ៖ ភ្លៀងបន្តធ្លាក់ក្នុងរយៈពេល ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បណ្ដាលឲ្យតំបន់មួយចំនួន ក្នុងខេត្តព្រះសីហនុ រងការជន់លិចយ៉ាងគំហុក មិនធ្លាប់មានពីមុនមក។ មូលហេតុធំមួយបង្កឲ្យមានជំនន់ទឹកភ្លៀងនេះ គឺបណ្ដាលមកពីការចាក់ដី លុបទន្ទ្រានយកបឹងព្រែកទប់ ពីសំណាក់មន្រ្តីមានអំណាច ពីមួយជំនាន់ទៅមួយជំនាន់ ស្របពេលដែលអាងស្ដុកទឹក មិនទាន់សាងសង់រួចរាល់។ បើនិយាយពីអបិយជំនឿវិញ ការជន់លិចនេះគឺជាបណ្ដាសារ របស់បឹងព្រែកទប់ បន្ទាប់ពីបឹងនេះស្រែកទួញសោករៀបរាប់ ពីទុក្ខវេទនារបស់ខ្លួនហើយ ប៉ុន្តែគ្មានអ្នកណាយកចិត្តទុកដាក់ ចាត់វិធានការការពារ និងថែរក្សានោះទេខណៈបឹងព្រែកទប់នេះ គឺជាប្រភពទឹកយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ពលរដ្ឋ នៅក្នុងខេត្តនិងសម្រាប់ជួយរំដោះ ជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាផងដែរ។

ឆ្លើយតបភ្លាមៗចំពោះ បញ្ហាជន់លិចនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បាននិងកំពុងដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងមួយចំនួនដែលរងការ ជន់លិចនៅក្នុងខេត្តព្រះសីហនុដើម្បី ស្វែងរកកិច្ចអន្តរាគមន៍ជួយ ដល់ប្រជាពលរដ្ឋរងគ្រោះ។

ជំនាន់លោក យន្ត មីន ធ្វើជាអភិបាលខេត្តព្រះសីហនុ បានប្រកាសថា បឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ ទឹកស្អាតសំរាប់អ្នកក្រុងព្រះសីហនុ ប្រើប្រាស់ទៀតហើយ ដោយសារថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែក សំរាប់ធ្វើការអភិវឌ្ឍ និងមួយភាគធំទៀតសំរាប់ កែលម្អរឲ្យទៅជាសួន រមណីយដ្ឋានទេសចរណ៍ ។ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់ឲ្យការប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅ ទូទាំងខេត្តព្រះសីហនុ ត្រូវបានយកចេញពីអាងស្តុក ទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់ លើការប្រើប្រាស់គ្មានការព្រួយបារម្ភ ជំនួសបឹងព្រែកទប់ ។

សូមរំលឹកថា បឹងព្រែកទប់កាលដើមឡើយ មិនទាន់មានការរំលោភ យកមានផ្ទៃដីទាំងមូល ចំនួន ២៧០ហិកតា (ផ្ទៃបឹង រួមទាំងដីផ្ទៃ រងទឹកភ្លៀងក្រវាត់ការពារជុំវិញបឹង) ក្រោយមកក៏មានការទន្ទ្រាន យកដីផ្ទៃរងទឹកភ្លៀង កាន់កាប់ដោយគ្មានច្បាប់ ក៏នៅសល់តែ ៩២ហិកតាប៉ុណ្ណោះ (ជំនាន់លោក សាយ ហាក់) ។ លុះដល់ជំនាន់លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀង ដែលនៅសល់ចំនួន ៩២ហិកតា ត្រូវបានឃុបឃិតគ្នា រំលោភយកអស់គ្មានសល់។ ដោយលោក ស្បោង សារ៉ាត់ បានសម្រេចការពារតែផ្ទៃបឹងព្រែកទប់ ចំនួន ១៤ហិកតា ប៉ុណ្ណោះ ។ក្រោយមកទៀតតាមសំណើរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨បានចេញអនុក្រឹត្យកាត់ផ្ទៃដី ១១,៥ហិកតា ចេញពីតំបន់អភិរក្សបឹងទឹកសាប ព្រែកទប់ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលត្រូវបានបង្កើតឡើង តាមរយៈអនុក្រឹត្យលេខ១៨៧ អនក្រ.បកចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ដោយរក្សាទុកផ្ទៃដីទំហំ ៤,៨០ហិកតា ជាតំបន់អភិរក្សបឹងទឹកសាបព្រែកទប់ ៕

Facebook Comments

To Top