ព័ត៌មានជាតិ

ព្រឹទ្ធសភានឹងបើកសម័យប្រជុំ បោះឆ្នោតជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម

ភ្នំពេញ៖ ព្រឹទ្ធសភានឹងបើសម័យប្រជុំពេញអង្គ ជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមមួយរូបជំនួសសមាជិកដែលផុតអាណត្តិនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ សីហាថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចតាមសំណើរសុំព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដើម្បីជ្រើសរើសព្រះអង្គម្ចាស់ ប្រីយសោភ័ណ្ឌ ជំនួសសម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តមអរុណរស្មីដែលបាន សុំលាឈប់ពីសមាជិកព្រឹទ្ធសភា ។

នៅព្រឹកនេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក៏បានសម្រេចចំពោះសំណើររបស់គណបក្សប្រជាជនកម្ពុជា ស្នើលោក ងិល សុង ជាសមាជិកព្រឹទ្ធសភានីតិកាលទី៤ ជំនួសលោក ឡៅ វិសិទ្ធ ដែលទទួលមរណៈភាពកាលពីពេលកន្លងមក នឹងសម្រេចទទួលស្គាល់ លោក ឡៅ ថន ជំនួសលោកស្រី ស៊ឹង ស៊ីយុតដែលទទួលមរណៈភាព ជាសមាជិកព្រឹទ្ធសភានៅភូមិភាគទី៤ ផងដែរ ។

អ្នកនាំពាក្យក៏បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចដាក់បេក្ខភាពចំនួន២រូបដើម្បី ធ្វើការបោះឆ្នោតជ្រើសរើសជាសមាជិកឧត្តមអង្គចៅក្រមផុតអាណត្តិនៅ ពេលខាងមុខនេះ។

បេក្ខជនដែលដាក់មកគឺអគ្គលេខាធិការព្រឹទ្ធសភាបានពិនិត្យសំណុំឯកសារបែបបទដើម្បីរៀបចំឈរឈ្មោះ ដើម្បីឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតមានចំនួន២រូបគឺ១. លោក អ៊ុ សារិទ្ធ និង២.លោក គង់ សារិទ្ធដែលលោកទាំងពីរជាអតីតអគ្គព្រះរាជ្ញា និងប្រធានតុលាការ ៕

ដោយ៖ ស សំណាង

Facebook Comments

To Top